អ្នកដឹកនាំ​ក្រុមកីឡា​ចំបាប់​កម្ពុជា ប្តេជ្ញា​ដណ្តើម​មេដាយ​ឲ្យ​បាន​៤​គ្រឿង ក្នុង​ស៊ី​ហ្គេម​វៀតណាម​

​លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ (CamEd Business School) និង​ជា​អនុប្រធាន​កីឡា​ចំបាប់​កម្ពុជា ទទួលបន្ទុក​ប្រធាន​ដឹកនាំ​ក្រុមកីឡា​ចំបាប់​កម្ពុជា​បាន​ដឹកនាំ​កីឡាករ​១១​នាក់ និង​កីឡាការិនី​៤​នាក់ សរុប​១៦​នាក់​មកដល់​ប្រទេស​វៀតណាម​ហើយៗ​កំពុង​ហ្វឹកហាត់​ត្រៀម​ការប្រកួត នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​យ៉ាងហោចណាស់​ឲ្យ​បាន​៤​គ្រឿង ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​លោក Casey Barnett បាន​ដឹកនាំ​គ្រូបង្វឹក​២​រូប គឺ​លោក កាង ដែន​ពិសិដ្ឋ និង​គ្រូបង្វឹក​ជនជាតិ​អ៊ីរ៉ង់ លោក Komeil Ghasemi ដែលជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ហ្គេម ឆ្នាំ​២០១២ និង​ប្រធាន​គ្រូបង្វឹក​ផ្នែក​នារី លោកស្រី ចូ​វ សុធា​រ៉ា ដែលជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០១៣ និង​អត្ត​ព​លិ​ក​កីឡា​ចំបាប់​អូឡាំពិក ឆ្នាំ​២០១៦​។ អត្ត​ព​លិ​ក​កីឡា​ចំបាប់​ចំនួន ១៥​រូប​បាន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ គឺ​កីឡាករ​៦​នាក់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ចំបាប់ Greco-Roman, កីឡាករ​៥​នាក់ ក្នុង​ប្រភេទ​កីឡា​ចំបាប់​សេរី និង​កីឡាការិនី​៤​នាក់ នឹងត្រូវ​ប្រកួត​លើ​វិញ្ញាសា សេរី​នារី​។​

«​ក្នុង​ការរៀបចំ​សម្រាប់​ស៊ី​ហ្គេម យើង​បាន​បញ្ជូន​អ្នក​ចំបាប់​សេរី​បុរស​របស់​យើង​ទៅ​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ហ្វឹកហាត់​រយៈពេល​៣​ខែ​កន្លះ ហើយ​យើង​បាន​បញ្ជូន​អ្នក​ចំបាប់​ក្រិ​ក​-​រ៉ូ​ម៉ាំង ២​នាក់​ទៅ​កូរ៉េខាងត្បូង ដើម្បី​ហ្វឹកហាត់​រយៈពេល​ជាង ៣​ខែ​។ យើង​ទទួលបាន​បង្ហាត់បង្រៀន​ពី​គ្រូបង្វឹក​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក លោក Komeil Ghasemi ។ អ្នក​ចំបាប់​របស់​យើង​ទាំងអស់​មាន​សុខភាព​ល្អ និង​ត្រៀមខ្លួន​ជាស្រេច​»​។ លោក Casey Barnett បាន​បន្ថែម​។​
​ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នៅ​កីឡដ្ឋាន Gia Lam ក្នុង​ទីក្រុង​ហាណូយ ដោយ​នឹង​បញ្ចប់​ការប្រកួត​ប្រកួត និង​ប្រកាស​លទ្ធផល​បំពាក់​មេដាយ​ជា​រៀងរាល់ថ្ងៃ នៅវេលា​ម៉ោង ៤:០០​រសៀល​។​

​ថ្ងៃ​អង្គារ ទី​១៧ ឧសភា នឹង​ប្រកួត​លើ​វិញ្ញាសា ចំបាប់​ក្រិ​ក​-​រ៉ូ​ម៉ាំង (​បុរស​), ថ្ងៃ​ពុធ ទី​១៨ ឧសភា ចំបាប់​ស្ត្រី និង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ឧសភា​៖ ចំបាប់​សេរី (​បុរស​)​។ «​ស្អែក​នេះ​យើង​មាន​អ្នក​ចំបាប់​៣​នាក់​មកពី វិហារ​សួគ៌ ខេត្តកណ្តាល និង​អ្នក​ចំបាប់​មកពី​ភ្នំពេញ​ម្នាក់​ចូលរួម​ប្រកួត ដែល​ពួកគេ​ទាំងអស់​សុទ្ធតែជា​អត្ត​ព​លិ​ក​ដែលមាន​សក្តានុពល ដែលជា​ក្តីសង្ឃឹម​ដ៏​ខ្ពស់ ក្នុងការ​ប្រជែង​មេដាយ​ជូន​ជាតិ ជា​ប្រវត្តិសាស្ត្រ​»​។​

​គួររំឭកថា យ៉ុ​ន ប៊ុណ្ណា​, អេង សុ​ផានិត​, និង ដន សៅ សុទ្ធតែ​ធ្លាប់​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពី​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន​។ ឌន សៅ រកបាន​មេដាយមាស ក្នុង​ឆ្នាំ​២០១៣ ក្នុង​ស៊ី​ហ្គេម​មី​យ៉ាន់​ម៉ា​។ ឌន សៅ នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាករ Jason Balabal មកពី​ហ្វីលីពីន ដែល​គាត់​បាន​ចាញ់​ត្រឹម​មួយ​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៩​។ កីឡាករ ងួន មករា មកពី​រាជធានី​ភ្នំពេញ​មាន​ភាពល្អ​ប្រសើរឡើង​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close