ឈ្នួញកំពុងលុបប្រឡាយលូប្រាំបើទោះបីអាជ្ញាធរខណ្ឌចុះឃាត់ក៏មិនស្តាប់ដែរ សង្ស័យមានខ្នងធំនៅពីក្រោយ
បើទោះបីជាគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានប្រើកម្លាំងទ្រង់ទ្រាយធំចុះផ្អាកទីតាំងចាក់ដីលុបរំលោភចូលប្រឡាយលូប្រាំដែលជាសម្បត្តិរដ្ឋយ៉ាងណាដ៏ដោយ ក៏ម្ចាស់ទីតាំងដែលគេស្គាល់ថាមានឋានៈជានាយឧត្តមសេនីយ៍ឯកមួយរូប បានចេញមុខអន្តរាគមន៍នឹងមិនគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ម្សិលមិញ អាជ្ញាធរខណ្ឌមានជ័យបានចុះចាប់ឃាត់រថយន្តដឹកដីចូលចាក់លុបប្រឡាយលូប្រាំដែលស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជុំវិញក្នុងរង្វង់ប្រតិបត្តិការចុះផ្អាកទីតាំងចាក់លុបប្រឡាយលូប្រាំខាងលើនេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានសម្រេចឃាត់រថយន្តដឹកដីចំនួន៦គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលារដ្ឋខណ្ឌមានជ័យ ប៉ុន្តែអ្វីដែលគួរអោយកត់ស្គាល់នោះ ការឃាត់រថយន្តមិនបានម៉ោងផងស្រាប់តែគេឃើញរថយន្តទាំងនោះបានបើកយកអាចម៍ដីមកចាក់លុបនៅទីតាំងប្រឡាយលូប្រាំដដែល។
ជាមួយបញ្ហានេះ បានធ្វើអោយសមត្ថកិច្ចក៏ដូចជាមន្ត្រីថ្នាក់ក្រោមដែលជាអ្នកចូលរួមក្នុងប្រតិបត្តិការផ្អាកទីតាំងចាក់លុបដីខាងលើនេះផ្ទាល់មានការង្ងឺង្ងល់ជាខ្លាំងថា ហេតុអ្វីបានជាឃាត់រថយន្តយកទៅរក្សាទុកនឹងសម្រេចផ្អាកការចាក់លុបដីប្រឡាយហើយបែរជានៅមានរថយន្តដឹកដីបន្តដឹកដីយកចាក់បំពេញទីតាំងនោះដដែរ ?
ចំពោះការអនុវត្តន៍នីតិវិធីរបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យនៅពេលនោះគ្មានមន្ត្រីជំនាញណាម្នាក់ហានអះអាងថា ទីតាំងនោះមានច្បាប់ទម្លាប់ឬក៏យ៉ាងណានោះទេ គ្រាន់លួចបង្ហើបថា ទីតាំងជាកម្មសិទ្ធនាយទាហានមួយរូប ដែលមានឋារន្តឋានៈស័ក្កិជានាយឧត្តមសេនីយ៍ឯក ហើយជុំវិញនឹងការឃាត់រថយន្តដឹកដីមិនបានមួយចំអិនកំពឹសនេះត្រូវបានមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមមន្ត្រីតូចតាចដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរូវគ្នារបស់រវាងក្រុមថ្នាក់ដឹកនាំខណ្ឌជាមួយឈ្មួញលុបដីប្រឡាយ ឬក៏មានការអន្តរាគមន៍ពីថ្នាក់លើទើបការអនុវត្តន៍នីតិវិធីគ្មានប្រសិទ្ធបែបនេះ។
យ៉ាងណាក៏ដោយជុំវិញបញ្ហាទាំងនេះ ក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលខណ្ឌមានជ័យបានទេ ដោយសារទូរស័ព្ទពុំមានការឆ្លើយតប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។