រួសរាន់ឡើង! ក្រុមហ៊ុនធំៗចំនួន២ ប្រកាសផ្តល់ឱកាសការងារជាង ២០០កន្លែង!
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនធំៗចំនួនពីរ គឺម៉ាស្ទ័រ ស៊ុគីស៊ុប និងធនាគារឯកទេស AEON ប្រកាសផ្តល់ឱកាសការងារចំនួន ២៤៤កន្លែង ក្នុងកម្មវិធី៖ “កិច្ចសម្ភាសប្រចាំខែ” របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាង ក្រុមហ៊ុនទាំងពីរនោះបាន ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
លោក ឆោម សុខឿន ប្រធានស្តីទីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថាកិច្ចសម្ភាសការងារនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ការងារជាច្រើនរបស់ NEA។ កិច្ចសម្ភាសនេះ គឺមានលក្ខណៈខុសគ្នាពីវេទិកាការងារបន្តិច ខុសគ្នាដ្បិត យើងមិនតម្រូវឲ្យមានក្រុមហ៊ុនច្រើនចូលរួមច្រើនពេកនោះទេ ពោលគឺយើងយកតែ១ទៅ២ក្រុមហ៊ុនឲ្យចូលរួមតែប៉ុណ្ណោះ។ អ្នកស្វែងរកការងារធ្វើ គ្រាន់តែកាន់ប្រវត្តិរូប (CV) របស់ពួកគាត់ចូលទៅជួបតំណាងក្រុមហ៊ុនដែលកំពុងរង់ចាំ រួចហើយសម្ភាសបានភ្លាមៗតែម្តង។
កិច្ចសម្ភាសការងារប្រចាំខែនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍អនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។