រាជរដ្ឋាភិបាល ផ្តល់ថវិកា ១៥០​លាន​ដុល្លារ ដល់គម្រោងសហហិរញ្ញបប្បទានស្ដារវិស័យទេសចរណ៍

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​បានដាក់​ដំណើរការ​ជា​ផ្លូវការ «​គម្រោង​សហ​ហិរញ្ញ​បប្ប​ទាន ស្ដារ​វិស័យ​ទេសចរណ៍​» ក្នុង​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក ដែលជា​បដិភាគ​រវាង​រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs)​។​

​ការដាក់​ដំណើរការ​ផ្លូវការ «​គម្រោង​សហ​ហិរញ្ញ​បប្ប​ទាន​ស្ដារ​វិស័យ​ទេសចរណ៍​» ចំនួន​១៥០​លាន​ដុល្លារ​នេះ ធ្វើឡើង​ក្រោម​ការចូលរួម​ពី ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ឲ្យ​ដឹងថា គម្រោង​សហ​ហិរញ្ញប្បទាន​នេះ ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ដល់​ការអនុវត្ត​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ឆ្នាំ​២០២១-២០២៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ​។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​បន្ថែមថា មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​លូតលាស់​គួរឱ្យកត់សម្គាល់ ជាមួយនឹង​អត្រាកំណើន​មធ្យម​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​១២% ក្នុង​មួយឆ្នាំ និង​បាន​បំពេញ​តួនាទី​ជា​សសរស្តម្ភ​មួយ​យ៉ាងសំខាន់ សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។​

​ក្នុងអំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បណ្តាលឱ្យ​សហគ្រាស​ជាច្រើន ក្នុង​វិស័យនេះ​កាត់បន្ថយ​, ផ្អាក ឬ​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្តង ដែលជា​ហេតុនាំឱ្យ ប្រជាពលរដ្ឋ​រាប់សិប​ម៉ឺន​នាក់ បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល ។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បន្ថែមថា គម្រោង​សហ​ហិរញ្ញប្បទាន ស្តារ​វិស័យ​ទេសចរណ៍ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក​នេះ បានមក​កើតចេញពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន​៧៥​លាន​ដុល្លារ តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន​៧៥​លាន​ដុល្លារ​អាមេរិក​។​

​គម្រោង​នេះ​ផ្តល់​អត្រា​ការប្រាក់​៦.៥ ក្នុង​មួយឆ្នាំ និង​ខ្ចី​បាន​ខ្ពស់បំផុត​រហូតដល់​៤០​ម៉ឺន​ដុល្លារ ដែល​អាច​ខ្ចី​បាន​រហូតដល់​៧​ឆ្នាំ​។​ ​តាមរយៈ​គម្រោង​នេះ សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ អាច​ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម PFIs ជា​ដៃគូ​របស់ SME Bank ក្នុង​អត្រា​ការប្រាក់​សម្បទាន​។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​បញ្ជាក់ថា សូមជម្រាបថា​កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​កន្លងទៅ​តាមរយៈ​យន្តការ SME Bank, រាជរដ្ឋាភិបាល​ក៏បាន​ផ្ដួចផ្ដើម និង​អនុវត្ត​កម្មវិធី​សហ​ហិរញ្ញប្បទាន​ចំនួន​២​ជំហាន​រួចហើយ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​វិស័យ​អាទិភាព​រួមមាន ទាំង​វិស័យ​ទេសចរណ៍ ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩​។​
* ជំហាន​ទី​១ នៃ​កម្មវិធី​សហ​ហិរញ្ញប្បទាន​មាន​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​។​
* ជំហាន​ទី​២ មាន​ទឹកប្រាក់​សរុប​២៤០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​រក្សា​លំនឹង​
អាជីវកម្ម និង​បង្កើត​ការងារ​ថ្មី​ក៏ដូចជា បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ ក្នុង​វិស័យ​អាទិភាព​រួមទាំង វិស័យ​ទេសចរណ៍​ផងដែរ ដែល​បាន​រង​ផលប៉ះពាល់​ពី វិបត្តិ​នៃ​ដោយ​ជំងឺ​កូ​វីដ​១៩​។​

​កម្មវិធី​សហ​ហិរញ្ញប្បទាន​ទាំងពីរ​ជំហាន​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​រក្សា​លំនឹង​អាជីវកម្ម និង​បង្កើត​ការងារ​ថ្មី ក៏ដូចជា​បង្កើន​ប្រាក់ចំណូល ជូន​ប្រជាពលរដ្ឋ​។ ដោយឡែក​ថវិកា​ទាំង​១៥០​លាន​ដុល្លារ​នៃ​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍ ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ពេលនេះ គឺ​ផ្តោត​សំខាន់ ម្រា​ប់​តែ​វិស័យ​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដើម្បី​ពង្រឹង​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​បន្ថែមទៀត និង​ចូលរួម​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​អភិវឌ្ឍ​វិស័យនេះ​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ឲ្យ​ដឹងថា ​ក្រសួងទេសចរណ៍​ជឿជាក់ថា ការដាក់​អនុវត្តន៍​គម្រោង​សហ​ហិរញ្ញ​បប្ប​ទាន ស្ដារ​វិស័យ​ទេសចរណ៍ ចំនួន​១៥០​លាន​ដុល្លារ​នេះ មិន​ត្រឹមតែ​អាច​ចូលរួម​ស្ដារឡើងវិញ​នៅ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ដែល​កំពុងមាន​កង្វះខាត​ហិរញ្ញប្បទាន ការជួសជុល​ទីតាំង ឬ​គុណភាព​សេវាកម្ម អាចជួយ​ដល់​អាជីវកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី ក្នុង​វិស័យ​ទេសចរណ៍ យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​ឯកឧត្ដម​សូម​អំពាវនាវ ដល់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ សូម​ចូលរួម​អនុវត្តន៍​គោលនយោបាយ​នេះ ឲ្យ​បាន​ជោគជ័យ តាមរយៈ​កិច្ចសហការ​របស់​ធនា​គារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ព្រមទាំង​ធនាគារ​ដៃគូ ដើម្បី​ប្រើប្រាស់​គម្រោង​ហិរញ្ញប្បទាន​នេះ ក្នុងការ​រៀបចំ​កែលម្អរ​វិស័យ​ទេសចរណ៍​ឡើងវិញ និង​ចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស ពង្រឹង​សេវាកម្ម​ទេសចរណ៍ ធានាបាន​នូវ​ការ​ងើប​ឡើងវិញ​នៃ វិស័យ​ទេសចរណ៍​ដំណាក់កាល​ទី​២ ឆ្នាំ​២០២២-២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close