រលកកំដៅ ធ្វើឲ្យប៉ះពាល់ដល់ដំណាំយ៉ាងខ្លាំង នៅប្រទេសឥណ្ឌា
ឥណ្ឌាបានហាមឃាត់ការនាំចេញស្រូវសាលី ដោយសាររលកកំដៅដ៏ក្តៅគគុកបានកាត់បន្ថយទិន្នផល ហើយតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត។
រដ្ឋាភិបាលឥណ្ឌានឹងនៅតែអនុញ្ញាតឱ្យនាំចេញដដែលសម្រាប់ក្រុមហ៊ុនដែលមានលិខិតឥណទានដែលបានចេញរួចហើយ និងសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលស្នើសុំការផ្គត់ផ្គង់ «ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ពួកគេ»។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា ខណៈដែលបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា វិធានការហាមឃាត់ការនាំចេញទៅក្រៅប្រទេសរបស់ឥណ្ឌានេះធ្វើឡើងមិនជារឿងរហូតទេ ហើយអាចត្រូវបានកែប្រែឡើងវិញ។
អ្នកទិញនៅទូទាំងពិភពលោក កំពុងពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសផលិតស្រូវសាលីធំជាងគេទីពីររបស់ពិភពលោកមួយនេះ បន្ទាប់ពីការនាំចេញពីតំបន់សមុទ្រខ្មៅបានធ្លាក់ចុះបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈលើប្រទេសអ៊ុយក្រែន។ មុនពេលប្រកាសអំពីការហាមឃាត់នេះ ឥណ្ឌាមានបំណងនាំចេញឱ្យបាន ១០លានតោនក្នុងឆ្នាំនេះ។
ក្រុមមន្ត្រីទាំងនេះបានបន្ថែមថា មិនមានការធ្លាក់ចុះទិន្នផលស្រូវលាលីខ្លាំងនោះទេនៅឆ្នាំនេះ ប៉ុន្តែការនាំចេញដែលមិនមានការគ្រប់គ្រងបាននាំឱ្យមានការកើនឡើងតម្លៃក្នុងស្រុក។
ការកើនឡើងតម្លៃអាហារ និងថាមពលបានជំរុញឱ្យអតិផរណាលក់រាយប្រចាំឆ្នាំនៅប្រទេសឥណ្ឌាកើនឡើងជិតកម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីឆ្នាំក្នុងខែមេសា។ តម្លៃស្រូវសាលីនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់បំផុត។ តម្លៃទិញលក់ភ្លាមៗក្នុងទីផ្សារមួយចំនួនបានកើនឡើងដល់ ២៥ ០០០រូពី (៣២០ដុល្លារ) ក្នុងមួយតោន ដែលខ្ពស់ជាងតម្លៃដែលទទួលបានការគាំទ្រអប្បបរមាពីរដ្ឋាភិបាលឥណ្ឌាដែលមានតែ ២០ ១៥០រូពី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។