កាន់ចំខ្សែដំណរម៉ាស៊ីនស្វានពេលកំពុងបំពេញការងារ ឆក់ជាងភ្លើងម្នាក់ស្លាប់
ជាងភ្លើងម្នាក់បានបាត់បង់ជីវិត ខណៈបំពេញការងារជាជាងភ្លើង ដោយសារតែកាន់ចំខ្សែដំណរ(ដាច់រលាត់) ម៉ាស៊ីនស្វាន ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃអង្គារ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានផ្ទះកំពុងជួសជុល លេខ៧៨ ផ្លូវ៥៨២ ក្រុម១២ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៉ីង វាសនា អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ ១៤៥ង ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន ស៊ីឈ្នួលបំពេញការងារជាជាងភ្លើង ដោយបង្កប់ខ្សែភ្លើងនៅតាមជញ្ជាំងផ្ទះគេចំណុចកើតហេតុ។ ដោយកត្តាធ្វេសប្រហែស ជនរងគ្រោះបានកាន់ខ្សែដំណរ (ដាច់រលាត់) ម៉ាស៊ីនស្វានក៏ឆក់ស្លាប់តែម្តង។
ក្រោយកើតហតុសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន រួចម្តាយជនរងគ្រោះយកសាកសពទៅបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។