ត្រីមាសទី១ ឆ្នាំនេះ! សេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ ១ភាគរយ
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលពីរត្រីមាសក្នុងអំឡុងខែមករាដល់ខែមីនា ខណៈដែលការទប់ស្កាត់ជំងឺកូវីដ-១៩ បានវាយប្រហារលើវិស័យសេវាកម្ម ហើយការកើនឡើងតម្លៃទំនិញបានបង្កើតសម្ពាធថ្មី ដែលបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះជាបន្តទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការធ្លាក់ចុះសេដ្ឋកិច្ចនេះបង្ហាញពីបញ្ហាប្រឈមមួយសម្រាប់ផែនការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ច និងការបែងចែកផលចំណេញសេដ្ឋកិច្ចក្នុងចំណោមប្រជាជនដែលស្ថិតក្រោមរបៀបវារៈ «មូលធននិយមថ្មី» របស់លោក។ កត្តានេះបង្កឱ្យមានការភ័យខ្លាចនៃការជាប់គាំងផ្នែកសេដ្ឋកិច្ច និងការកើនឡើងអតិផរណា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់តួលេខផលិតផលក្នុងស្រុកសរុប (GDP) ដែលចេញផ្សាយដោយការិយាល័យគណៈរដ្ឋមន្ត្រីថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី៣ ក្នុងពិភពលោកមួយនេះបានធ្លាក់ចុះ ១% នៃអត្រាប្រចាំឆ្នាំនៅត្រីមាសចន្លោះពីខែមករាដល់ខែមីនា ធៀបនឹងត្រីមាសមុន ពោលគឺធ្លាក់ចុះតិចជាងការព្យាកររបស់សេដ្ឋវិទូដែលថាធ្លាក់ចុះ ១,៨%។ បើគិតជាអត្រាប្រចាំត្រីមាសវិញ សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ០,២% ធៀបនឹងការព្យាកររបស់ទីផ្សារដែលថាធ្លាក់ចុះ ០,៤%។
ការធ្លាក់ចុះសេដ្ឋកិច្ចនេះអាចដាក់សម្ពាធដល់លោក Kishida ឱ្យបញ្ចេញវិធានការជំរុញសេដ្ឋកិច្ចកាន់តែខ្លាំង បន្ទាប់ពីការចំណាយថវិកាបន្ថែមចំនួន ២,៧ទ្រីលានយ៉េន (២០,៨៦ប៊ីលានដុល្លារ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។