៤​ខែ​ ដើមឆ្នាំនេះ! កម្ពុជា ទទួល​ចំណូល​ជាង​ ១២៨​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​

​ភ្នំពេញ​៖ រយៈពេល​៤​ខែ ឆ្នាំ​២០២២​នេះ កម្ពុជា​ទទួលបាន​ចំណូល​ជាង​១២៨​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ដែល​ទទួលបាន កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២​។​

​របាយការណ៍ បាន​បញ្ជាក់ថា ចំណូល​សរុប​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២២ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​ចំនួន​១២៨,៥៧០,៨៣៧​ដុល្លារ ក្នុងនោះ ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ចំនួន​១២៧,៣៥៦,៣០២​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន​១,២១៤,៥៣៥​ដុល្លារ​។​

​ចំពោះ​បរិ​មាណនៃ​ការនាំចេញ​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ចំនួន​៧៩,៣៥៦​តោន កើនឡើង​ចំនួន​២,២២៣​តោន ស្មើនឹង​៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ រីឯ​ការនាំចេញ​ឈើ​កៅស៊ូ​វិញ សម្រេចបាន​ចំនួន​៦,៦៣៨​ម៉ែត្រគូប​។​

​សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២២ ថ្លៃ​១,៦០៥​ដុល្លារ ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន​៦១​ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង​៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។​

​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២២ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤,០៤៤​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១០,១៩៣​ហិកតា ស្មើនឹង​៧៧% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣,៨៥១​ហិកតា ស្មើនឹង​២៣%​។​

​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០២១ កម្ពុជា​រកចំណូលបាន​ជាង​៦១១​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ។ ក្នុងនោះ នាំចេញ​ជ័រកៅស៊ូ ចំនួន​៣៦៦,៣០០​តោន និង​នាំចេញ​ឈើ​កៅស៊ូ ចំនួន​៤៥៤​ម៉ែត្រគូប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close