អាជ្ញាធរ​ជាតិ​អប្សរា សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ សួន​រុក្ខជាតិ​អង្គរ​

​សួន​រុក្ខជាតិ​អង្គរ​ដែលជា​ប្រភេទ​រមណីយដ្ឋាន​កែច្នៃ​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង​១៥​ហិកតា ស្ថិតក្នុង​ក្រុង​សៀមរាប ដែល​អាច​ចាត់ទុកថា ជា​សួន​មាន​លក្ខណៈពិសេស​លើស​សួន​កម្សាន្ត​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែឧសភា ឆ្នាំ​២០២២​នេះ​។​

​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។​

​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​ដោយ​មោទនភាព​នៅក្នុង​ឱកាស​បើកសម្ពោធ​ជា​ផ្លូវការ​សួន​រុក្ខជាតិ​អង្គរ​នោះ​ថា បន្ទាប់ពី​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើក​ឱ្យ​សាធារណជន​បាន​ចូលទៅ​ទស្សនា​ចាប់ពីពេលនេះ​តទៅ​។​

​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​គាំទ្រ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​បង្កើតជា​សួន​រុក្ខជាតិ​អង្គរ​ដ៏​មាន​សារសំខាន់​មួយ​នេះ​ឡើង​។ ឯកឧត្តម​បន្តថា សួន​រុក្ខជាតិ​អង្គរ​នេះ មាន​លក្ខណៈពិសេស​ណាស់ ក្នុងការ​អភិរក្ស​រុក្ខជាតិ​ខ្មែរ​សំខាន់ៗ ជាពិសេស គឺ​រុក្ខជាតិ​ដែល​អាច​យកមក​ផ្សំ​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ផ្សេងៗ​។​

​សូមជម្រាបថា សួន​រុក្ខជាតិ​អង្គរ​នឹង​ក្លាយជា​សមិទ្ធផល​ទេសចរ​ថ្មី​មួយទៀត នៅក្នុង​ក្រុង​សៀមរាប ដែលមាន​ដាំ​រុក្ខជាតិ​ចម្រុះ​រាប់ម៉ឺន​ដើម​នៃ​ពូជ​ជាង​៥០០​ប្រភេទ ដូចជា ដើម​ផ្កា ស្មៅ ឈើ​ហូប​ផ្លែ​ដោយ​អាច​ចាត់ទុកថា ជា​សួន​មាន​លក្ខណៈពិសេស​លើស​សួន​កម្សាន្ត​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​សួន​នេះ ស្ថិតក្នុង​រចនាប័ទ្ម​បែប​ខ្មែរ មាន​ដាំ​បន្លែ​ចម្រុះ​ជាច្រើន​មុខ មាន​សួន​រុក្ខជាតិ​ធ្វើ​ឱសថ សួន​គ្រឿងទេស សួន​អម្បូរ​ត្នោត សួន​លំនៅដ្ឋាន​ខ្មែរ និង​សួន​ព្រៃឈើ​បន្ថែម​លើ​នេះ ក៏មាន​សួនសត្វ​ជាច្រើន​ប្រភេទ ដូចជា​អណ្តើក ក្ងោក ព្រាប ទន្សាយ​និង​សត្វ​ស្លាប​ប្រ​វាំង​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close