ប្រទះឃើញបំណែកឧបករណ៍ប្រើប្រាស់ ជាលោហៈ នៅក្បែរប្រាសាទតូច នៅជើងភ្នំប្រាសាទព្រះវិហារ
កាលពីចុងសប្តាហ៍នេះ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានប្រទះឃើញនូវបំណែកឧបករណ៍ប្រើប្រាស់ជាលោហៈ(ថូ ឬក្អម)នៅក្បែរប្រាសាទតូច នៅជើងភ្នំប្រាសាទព្រះវិហារក្នុងតំបន់ការពារទី២ រមណីយដ្ឋានប្រាសាទព្រះវិហារ។
វត្ថុសិល្បៈជាឧបករណ៍អំពីលោហៈដែលប្រទះឃើញនេះ មានបំណែកក មានទំហំ ៦សង់ទីម៉ែត្រ x ១១សង់ទីម៉ែត្រ និងបំណែកតួខ្លួនមានកម្ពស់ ១២សង់ទីម៉ែត្រ ហើយនៅលើបំណែកតួខ្លួនមានចារអក្សរមួយបន្ទាត់ដែលតាមអ្នកជំនាញភាសាវិទ្យាបានកំណត់ថាជាអក្សរសិ្ថតនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដែលជាវត្ថុជាដង្វាយចំពោះទេពភៃសជ្យគុរុ ដែលមានតម្កល់នៅក្នុងអរោគ្យសាលា ឬប្រាសាទតូចដែលជាហោបន់ស្រន់របស់មន្ទីរពេទ្យ។
ការប្រទះឃើញនូវឧបករណ៍អំពីលោហៈខាងលើគឺជាទិន្នន័យមួយយ៉ាងសំខាន់នៅក្នុងសិក្សាស្រាវជ្រាវអំពីអរោគ្យសាលានៅតំបន់ប្រាសាទព្រះវិហារបន្ថែមទៀត ក៏ដើម្បីរក្សាទុក និងតាំងបង្ហាញនៅក្នុងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។