WHO ថា ជំងឺ​អុត​ស្វា នឹង​បន្ត​ឆ្លង​រីក​រាលដាល​ខ្លាំង​នាពេល​អនាគត​

​ហ្ស៊ឺ​ណែវ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​ព្រមាន​ថា នឹងមាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ថ្មីៗ​បន្ថែមទៀត នៅតាម​បណ្តា​ប្រទេស​ដែល​មិនទាន់មាន​ករណី​ឆ្លង​នៅឡើយ​។​

​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុននេះ ករណី​ដែល​ត្រូវបាន​រកឃើញ​មាន​ចំនួន ៩២​ករណី និង​ករណី​សង្ស័យថា កើត​ជំងឺ​អុត​ស្វា​មាន​ចំនួន ២៨​ករណី​ត្រូវបាន​រាយការណ៍​ពី​រដ្ឋ​សមាជិក​ចំនួន ១២ ដែល​មិន​ធ្លាប់​កើតមាន​ជំងឺ​រាតត្បាត​ប្រភេទ​នេះ ខណៈ​បច្ចុប្បន្ន​នៅ​ពុំទាន់​អ្នកស្លាប់​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​នេះ​នៅឡើយ​ទេ​។

​ករណី​ដែល​ត្រូវបាន​បញ្ជាក់ និង​សង្ស័យ​ភាគច្រើន​ត្រូវបាន​រាយការណ៍​ដោយ​ប្រទេស​អង់គ្លេស អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ នៅសល់​ពី​អូស្ត្រាលី បែ​ល​ហ្សិ​ក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូ​ឡង់ ស៊ុយអែត និង​សហរដ្ឋអាមេរិក​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា ករណី​ដែល​បាន​រាយការណ៍​មកទល់ពេលនេះ មិនមាន​ទំនាក់ទំនង​ការធ្វើដំណើរ​ទៅកាន់​តំបន់​ដែលមាន​មេរោគ​ទេ​។ ករណី​ទាំងអស់​ដែល​សំណាក​ត្រូវបាន​បញ្ជាក់​ដោយ​ម៉ាស៊ីន​ធ្វើតេស្ត PCR ត្រូវបាន​កំណត់ថា បាន​ឆ្លង​មេរោគ​មកពី​អាហ្វ្រិក​ខាងលិច​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close