រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ជម្រុញការនាំចេញអង្ករពីកម្ពុជាទៅចិន
ក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី១៧ នៅប្រទេសសឹង្ហបុរី កាលពីដើមសប្តាហ៍នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបជាមួយ លោក Wang Shouwen អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ដើម្បីពិភាក្សា និងស្នើឲ្យមានការជម្រុញការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនឲ្យបាន៣០ម៉ឺនតោនក្នុងមួយឆ្នាំ ដូចដែលបានឯកភាពនិងបង្កើនបន្ថែមទៀតនាពេលអនាគត។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើឱ្យភាគីចិនមកវិនិយោគនៅកម្ពុជា និងនាំចេញទៅចិនវិញដែលជាគោលនយោបាយឈ្នះ-ឈ្នះ សម្រាប់ភាគីទាំងពីរ។
ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីចិន បានសម្តែងការអបអរចំពោះជោគជ័យយ៉ាងត្រចះត្រចង់របស់រាជរដ្ឋាភិបាល នាពេលបោះឆ្នោតក្នុងអាណត្តិទី៦នេះ។ ភាគីចិនបានថ្លែងថា ចិនតែងតែលើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិនចិនមកវិនិយោគនៅកម្ពុជា។ ចំពោះករណីអង្ករ ភាគីចិននឹងឆ្លើយតបក្រោយពីពិភាក្សាផ្ទៃក្នុងរួច តែជាទូទៅនឹងខិតខំនាំចូលឱ្យដល់ ៣០ម៉ឺនតោន ដែលជាកូតាឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល១០ខែឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសប្រមាណជាង៤៣ម៉ឺនតោន ក្នុងនោះប្រទេសចិនឈរលំដាប់លេខ១ដែលកម្ពុជានាំអង្ករទៅ ដោយរយៈពេល១០ខែនេះមានចំនួន១១ម៉ឺនតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។