២០​ប្រទេស​ក្នុងចំណោម​៤០ បាន​យល់ព្រម​ផ្តល់ជំនួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក Lloyd Austin បានប្រកាសថា មាន​ប្រទេស​ចំនួន​២០ ប្រទេស បាន​សន្យា​ផ្តល់ជំនួយ​អាវុធ​ឲ្យ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​ជាមួយ​កម្លាំង​ទាហាន​រុស្ស៊ី ។​

​មាន​ប្រទេស​ចំនួន ៤០ បាន​ជួបប្រជុំគ្នា​តាម​អន​ឡាញ់​ស្តីពី​ការជួយ​ដល់​អ៊ុយ​ក្រែ​ន ក្នុងការ​ទប់ទល់​សង្គ្រាម​វាយប្រហារ​ពី​រុស្ស៊ី ក្នុងនោះ​មាន​២០ ប្រទេស​បាន​សន្យា​ផ្តល់ជំនួយ​។ នៅក្នុង​ជំនួយ​ពិភាក្សា​ថ្នាក់​មន្ត្រី​ការពារជាតិ លោក Lloyd Austin បានបង្ហាញ​ពី​របាយការណ៍ ស្តីពី​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្នុងចំណោម​ប្រទេស​នោះ បាន​សន្យា​ផ្តល់ជំនួយ​រថក្រោះ កាំភ្លើង​ធំ រថពាសដែក​ជាដើម ។​

​នៅក្នុង​ព្រឹត្តិការណ៍​មួ​ួ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ អ៊ុយ​ក្រែ​ន យក​ខ្មោច​រថក្រោះ​រុ​ស្ស៉ី ដាក់តាំង​ពិព័រណ៍​នៅ​រដ្ឋធានី​កៀវ ដើម្បី​បង្ហាញ​ពី​ភាពជោគជ័យ​របស់ខ្លួន​។ សារព័ត៌មាន Telegraph នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែឧសភា ឆ្នាំ​២០២២​បាន​ផ្សាយ​ថា ខ្មោច​រថក្រោះ​មួយចំនួន​របស់​រុ​ស្ស៉ី ត្រូវបាន​ដាក់តាំង​បង្ហាញ នៅ​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង​នេះ បាននិងកំពុង​បន្ត​វិល​ទៅរក សភាព​ប្រក្រតី​ឡើងវិញ បន្ទាប់ពី​រុ​ស្ស៉ី​បាន​ដកថយ​ចេញពី​តំបន់​នៅ​ជុំវិញ​នោះ​។​

​ប្រជាជន​អ៊ុយ​ក្រែ​ន ដែល​រស់នៅក្នុង​ទីក្រុង​កៀវ បាននាំគ្នា​ទៅ​ទស្សនា​ក៏ដូចជា​ថតរូប​ភាព ខ្មោច​រថក្រោះ​ទាំងនោះ ដែល​ត្រូវបាន​ដាក់តាំង​ពិព័រណ៍ នៅឯ​ទីលាន សេន មី​ឈែល (Saint Michael) កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។ ពួកវា​ស្ថិតក្នុង​ផ្នែក​នៃ​ការវាយប្រហារ ដែល​បាន​ប៉ុនប៉ង​មកលើ រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទទួល​បរាជ័យ​។​

​បច្ចុប្បន្ន សញ្ញា​នៃ​ប្រក្រតីភាព បាននិងកំពុង​ត្រឡប់​មកវិញហើយ នៅ​ទីក្រុង​កៀវ កំលុង​ប៉ុន្មាន​សប្តាហ៍​មកនេះ ដោយ​បម្រាម​គោចរ មាន​រយៈពេល​ខ្លី​ជាង​មុន​, អាជីវកម្ម​ត្រូវ​បើក​ដំណើរការ​ឡើងវិញ ហើយ​បរទេស​ក៏ បាននាំគ្នា​បញ្ជូន​មន្ត្រី​ទូត​ពួកគេ ត្រឡប់មកវិញ​ផងដែរ​។​

​ក្នុង​រយៈពេល​ជាង​១២​សប្តាហ៍ ក្រោយ​ការឈ្លានពាន​របស់​រុ​ស្ស៉ី កងទ័ព​អ៊ុយ​ក្រែ​ន​បាន​រារាំង ការប៉ុនប៉ង​ក្នុងការ​ដណ្តើមយក​ទីក្រុង​កៀវ និង​ទីក្រុង ខា​កៀវ ដែល​នៅ​ភាគ​ខាងជើង ប៉ុន្តែ​ឥឡូវ​រុ​ស្ស៉ី​កំពុង​ផ្តោត ការវាយប្រហារ​យ៉ាង​ចាស់ដៃ នៅ​តំបន់​ដុន​បាស់ ដែល​នៅ​ភាគ​ខាងកើត ព្រមទាំង​តំបន់​ភាគខាងត្បូង​រប​ស់អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close