សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូកីឡាកម្ពុជា វិលត្រឡប់មកមាតុប្រទេស បន្ទាប់ពីបញ្ចប់បេសកកម្មស៊ីហ្គេម លើកទី៣១
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំគណៈប្រតិភូ និងអត្តពលិកកម្ពុជាសរុប១៨០នាក់វិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃទី២៤ឧសភានេះ ដែលជាក្រុមប្រតិភូកីឡាចុងក្រោយបំផុត បន្ទាប់ពីបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៅកាន់ជនរួមជាតិ ក្នុងឱកាសទទួលទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (ទង់ស៊ីហ្គេម) ដើម្បីប្រកាសជូនប្រជាជនកម្ពុជាទូទាំងប្រទេសនូវមោទកភាភាពដ៏ឧត្តុងឧត្តម នៃការទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចពិជ័យសេនា ក៏បានថ្លែងការកោតសរសើរចំពោះអត្តពលិកកម្ពុជា ដែលបានខិតខំអស់ពីសមត្ថភាពដណ្តើមបានមេដាយមាសប្រាក់ និងសំរឹទ្ធ សរុបចំនួន ៦៣គ្រឿងជូនជាតិ ដែលនេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា។
គួរបញ្ចាក់ថា នេះជាការវិលត្រឡប់របស់ក្រុមប្រតិភូកីឡាកម្ពុជាចុងក្រោយបំផុតចំនួន១៨០នាក់នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រួមទាំងប្រតិភូលើប្រភេទកីឡាមួយចំនួន អ្នកសម្បែងសិល្បៈវប្បធម៌ គុនល្បុក្កតោ ក្រោយបញ្ចប់បេសកកម្មនៅក្នុងពិធីបិទផ្លូវការ ស៊ីហ្គេម នៅទីក្រុងហាណូយ កាលពីយប់មិញ។
បន្ទាប់មក ក្បួនដង្ហែទង់ស៊ីហ្គេម និងអត្តពលិកជ័យលាភីត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងទទួលបានការលើកទឹកចិត្តគាំទ្រពីប្រជាពលរដ្ឋនៅតាមដងមហាវិថីពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC។
គួរបញ្ជាក់ថា កម្ពុជាដណ្តើមបានមេដាយមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៤១គ្រឿង សរុប ចំនួន ៦៣គ្រឿង ដែលនេះជាការបំណែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយ ច្រើនជាងពេលណាៗទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។