សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​(WEF) នៅ​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វី​ស រយៈពេល​៥​ថ្ងៃ​។

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស គឺ​ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដោយ​ក្នុងនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នៅក្នុង​ពិធី​បិទ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ “​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​” និង​ប្រធានបទ «​ការស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ​»​។​

​ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​វេទិកា​សេដ្ឋកិច្ចពិភពលោក ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ជាច្រើន​ទៀតផង​ដែរ​។

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វី​ស និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​នាក់​ផងដែរ ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រឡាញ់​រាប់អាន​ចំពោះ​សម្ដេច​តេ​ជោ ចំពោះ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close