ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ
ខេត្តសៀមរាប៖ មន្ដ្រីជាន់ខ្ពស់ នៃក្រសួងរុក្ខាកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ បន្ដចូលរួមទប់ស្កាត់ បទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទខាងមុខនេះ ឱ្យបានតឹងរ៉ឹង ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ។
ឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានថ្លែងបែបនេះនៅក្នុងពិធីប្រជុំប្រចាំខែ ស្ដីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទជលផល ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្ដសៀមរាប។
ឯកឧត្ដម បានបន្ដថា ការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាបាល របស់រដ្ឋបាលខេត្តសៀមរាបកន្លងមក ក្នុងការរៀបចំក្រុមការងារនីមួយៗត្រូវបានដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ និងតាមដានបទល្មើសព្រៃលិចទឹកនៅតាមបណ្តាក្រុង ស្រុកទាំង៦ របស់ខេត្តសៀមរាប ដែលជាប់ដែនបឹងទន្លេសាប បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់ ។
ឯកឧត្តមបានបន្តទៀតថា ក្នុងការចុះពិនិត្យពីសកម្មភាពនៅបឹងទន្លេសាទ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលបានកំពុងឈរជើងនៅ តំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ព្រមទាំងបានធ្វើការពិនិត្យនូវរាល់ឧបករណ៍នេសាទរបស់ប្រជានេសាទ ទៀតផង ។ ឯកឧត្តម បានលើកឡើងថា រាល់ឧបករណ៍នេសាទ ដែលខុសច្បាប់ ក្រុមការងារត្រូវធ្វើការដកហូត ឬកំទេចចោល តែចំពោះការប្រើប្រាស់ឧបករណ៍នេសាទស្របតាមការកំណត់របស់រដ្ឋបាលជលផល តែលើសពីការកំណត់ ក៏ត្រូវធ្វើការដកហូតផងដែរ។ ម្យ៉ាងទៀតរដូវបិទនេសាទនឹងចូលមកដល់នៅខែមិថុនាខាងមុខនេះ កម្លាំងចម្រុះ និងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវផងដែរ ក្នុងការបង្ក្រាបបទល្មើសនេសាទ។
ឯកឧត្តមក៏បានបញ្ជាក់ថា រាល់ដីតំបន់លិចទឹកដែលរដ្ឋបានអនុញ្ញាត និងធ្វើការឆ្វៀលឲ្យប្រជាពលរដ្ឋហើយនោះ គួរបងប្អូនប្រជាកសិករធ្វើការកែប្រែពីការធ្វើស្រែប្រាំង មកធ្វើការដាំដុះដើមឬស្សី ដែលផ្តល់នូវចំណូលខ្ពស់ជាងការធ្វើស្រែប្រាំង មិនចំណាយទុនច្រើន និងបានផ្តល់នូវជម្រកត្រីពងកូន ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថានបឹងទន្លេសាប ពីព្រោះមិនប្រើប្រាស់ថ្មាំគីមី។ ឯកឧត្តម ក៏បានផ្តាំផ្ញើ ក្រុមការងារតាមដានបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់មិនត្រូវធ្វេសប្រហែលឡើយ ជាពិសេសនៅរដូវបិទនេសាទ ដែលនឹងចូលមកដល់នៅខែមិថុនាខាងមុខនេះ ។ ម្យ៉ាងទៀតក្នុងរដូវបិទនេសាទ រដ្ឋបាលជលផលអនុញ្ញាតចំពោះការនេសាទជាលក្ខណ:គ្រួសារ ដូចជា មង និងសន្ទូច តែប៉ុណ្ណោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។