កម្ពុជា ឈរ​លេខ​២ ការប្រកួត​កីឡា​ម៉ូតូ​ទឹក​អន្តរជាតិ នៅ​ខេត្ត​ព្រះសីហនុ​

​ព្រឹ​ត្ត​ការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​អន្តរជាតិ ឆ្នាំ​២០២២ ដែល​កម្ពុជា​ជ្រើស​រើសយក​ខេត្ត​ព្រះសីហនុ ធ្វើជា​ម្ចាស់ផ្ទះ​បានបញ្ចប់​ដោយ​ជោគជ័យ ក្នុងនោះ​អត្ត​ព​លិ​ក​កីឡា​ម៉ូតូ​ទឹក​ថៃ ឈរ​លេខ​១ ខណៈ​កម្ពុជា ឈរ​លេខ​២ ក្នុងចំណោម​អត្ត​ព​លិ​កជាង​៦០​នាក់ មកពី​៤​ប្រទេស​។​

​ឯកឧត្តម ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​ឲ្យ​ដឹងថា ព្រឹ​ត្ត​ការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​អន្តរជាតិ​នេះ មាន​កីឡាករ​ល្បីៗ​កម្រិត​អន្តរជាតិ និង​ពិភពលោក​ចូលរួម​ប្រកួត ខណៈ​កម្ពុជា​បានដាក់​៧​វិញ្ញាសា​ឲ្យ​ប្រកួតប្រជែង ជាមួយនិង​ប្រាក់រង្វាន់​សរុប​៣​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។

​ជា​លទ្ធផល ថៃ​ឈរ​លេខ​១ ដណ្តើម​មេដាយ​សរុប ១២​គ្រឿង មាស​៤ ប្រាក់​៣ និង​សំរឹទ្ធ​៥​គ្រឿង លេខ​២ ម្ចាស់ផ្ទះ​កម្ពុជា ដណ្តើមបាន​មេដាយ​សរុប ៨​គ្រឿង មាស​៣ ប្រាក់​៣ និង​សំរិទ្ធ​២​គ្រឿង និង​ម៉ាឡេស៊ី លេខ​៣ ដណ្តើមបាន​មេដាយប្រាក់​១​គ្រឿង​។​

​ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​កោតសរសើរ​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់ ដែល​បាន​ប្រឹងប្រែង ប្រើប្រាស់​ចំណេះដឹង​បទពិសោធ សមត្ថភាព​កាត់សេចក្តី​ការប្រកួត ដោយ​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ប្រកបដោយ​វិជ្ជាជីវៈ ផ្តល់​យុត្តិធម៌ និង​តម្លាភាព​ដល់​កីឡាករ នឹង​បាន​រកឃើញ​នូវ​កីឡាករ​ឆ្នើម​ដែល​ទទួលបាន​ជ័យលាភី នៃ​ការប្រកួត​ម៉ូតូ​ទឹក​នាពេលនេះ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ សង្ឃឹមថា តាមរយៈ​ការប្រកួត​នេះ​នឹងធ្វើ​អត្ត​ព​លិ​ក​កម្ពុជា និង​មន្ត្រី​រៀបចំ​ការប្រកួត កាន់តែ​រីកចម្រើន ទាំង​សមត្ថភាព សិទ្ធ​ផល ត្រៀម​ដណ្តើម​មេដាយមាស​ជូន​កម្ពុជា ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ឲ្យ​ទទួលបាន​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close