បើ​ទៅ​សួន​រុក្ខជាតិ​អង្គរ កុំ​ភ្លេច​ជួយ​ទិញ​ម្នាស់​អ្នកភូមិ​ធម្មជាតិ​រុន​តា​ឯក​!

​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក កំពុង​ប្រមូល​ផល​ម្នាស់​ទឹកឃ្មុំ ដែល​បាន​ដាំ​បង្ហាញ​លើ​ផ្ទៃដី​ជាង​២​ហិកតា​។ ការដាំដុះ​គឺ​ប្រើប្រាស់​ជីធម្មជាតិ​សុទ្ធសាធ និង​ទទួលបាន​ការកោតសរសើ​រថា​មានឱជារស​ផ្អែម ឆ្ងាញ់​។ សាធារណជន អាច​ភ្លក់​រសជាតិ​ម្នាស់​ទឹកឃ្មុំ ដែល​ដាំ​ដោយ​អ្នកភូមិ​ធម្មជាតិ​រុន​តា​ឯក នៅ​សួន​រុក្ខជាតិ​អង្គរ​។​

​លោក ស៊ុន កែវពិសី អនុប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ប្រាប់ថា គម្រោង​ដាំ​បង្ហាញ​ម្នាស់​នៅ​ក្នុងភូមិ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២១​មក ដោយ​ឆ្នាំ​ដំបូង​ចំនួន​៦​ពាន់​ដើម លើ​ផ្ទៃដី​កន្លះ​ហិកតា និង​ទទួលផល​ល្អប្រសើរ​។ ដោយ​ទិន្នផល​ល្អ​ដូច្នេះហើយ ទើប​ឆ្នាំ​២០២២​នេះ គម្រោង​បាន​បំបែក​កូន​ដាំ​ជា​បន្តបន្ទាប់ ដោយ​ពង្រីក​លើ​ផ្ទៃដី​សរុប ២​ហិកតា​កន្លះ​។​

​ចំពោះ​ការប្រើប្រាស់​ជី​វិញ លោក ស៊ុន កែវពិសី ប្រាប់ថា គឺ​ប្រើ​ជី​អាចម៍មាន់ និង​ប្រភេទ​ជី​កំ​ប៉ុ​ស្ត ហើយ​ការប្រើ​ជីធម្មជាតិ​ដូច្នេះ អ្នកជំនាញ​ប្រាប់ថា បាន​ទិន្នផល​ល្អ​មិន​ចាញ់​ប្រើ​ជីគីមី​ប៉ុន្មាន​ទេ និង​មិន​ប៉ះពាល់​សុខភាព​ទៀត​។ ចំណែក​ទីផ្សារ​វិញ ការដាំ​នៅ​ឆ្នាំនេះ គឺ​បេះ​លក់​នៅ​សួន​រុក្ខជាតិ​អង្គរ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទើបនឹង​សម្ពោធ​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ ហើយ​មានការ​គាំទ្រ​ច្រើន​ពីសា​ធារ​ជន​ដែល​បាន​ចូលទៅ​ទស្សនា​ក្នុង​សួន​មួយ​នេះ​។​

​ក្រៅពី​ម្នាស់ ក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ ក៏មាន​ដាំ​ផ្លែឈើ​ចម្រុះ​ដទៃទៀត រួមមាន ផ្លែ​ខ្នុរ ស្រកានាគ អំពៅ​។​ល​។ បង្ហាញ​ដល់​ពលរដ្ឋ​ក្នុងភូមិ និង​លើកទឹកចិត្ត​ដល់​ពួកគេ​ដាំ​ដុះ​ឱ្យបាន​ច្រើន​ផងដែរ​។ ចំពោះ​ដំណាំ​ម្នាស់​វិញ មាន​ពលរដ្ឋ​៤​គ្រួសារ​ហើយ​ដែល​ចាប់អារម្មណ៍ ហើយ​គម្រោង​នេះ​បាន​ចែក​ពូជ​កូន​សរុប ១២០០​កូន ដល់​ពលរដ្ឋ​ដោយ​ឥត​បង់ថ្លៃ ក្នុងន័យ​លើកស្ទួយ​កម្រិតជីវភាព​ពួកគេ​ឲ្យ​មាន​ភាពល្អប្រសើរ និង​ដែល​ពួកគេ​យកទៅ​ដាំ​លើ​ផ្ទៃដី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ចែកជូន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន កែវពិសី​។​

​លោក ស៊ុន កែវពិសី ក៏​លើកឡើង​ពី​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បន្ត​អភិវឌ្ឍន៍​ភូមិ​នេះ ដូចជា​បាន​បន្ត​រៀបចំ​ជា​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ប្រឡាយ​៤​ខ្សែ​បន្ថែមទៀត សម្រួល​ដល់​ការធ្វើដំណើរ និង​យក​ទឹក​ស្រោចស្រព​សម្រាប់​ដំណាំ​កសិកម្ម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close