ឥណ្ឌា កំហិត​លើ​ការនាំចេញ​ស្ករស ទប់ស្កាត់​ការកើនឡើង​តម្លៃ​ក្នុងស្រុក​

​ប្រទេស​ឥណ្ឌា បានដាក់​កំហិត​លើ​ការនាំចេញ​ស្ករស​ជា​លើកដំបូង ក្នុង​រយៈពេល ៦​ឆ្នាំ​។ បើតាម​គោលការណ៍​នេះ មានកំណត់​ការនាំចេញ​នៅ​រដូវ​កាល​នេះ ចំនួន ១០​លាន​តោន ដើម្បី​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ក្នុងស្រុក បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ស្ករស បាន​លក់​ក្នុង​បរិមាណ​ដ៏​ច្រើន​នៅលើ​ទីផ្សារ​ពិភពលោក​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ដោយ​ដកស្រង់​លិខិត​បទបញ្ជា​មួយ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា កាលពីដើម​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុននាំចេញ​ស្នើសុំ​ការអនុញ្ញាត​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ណាមួយ​នៅ​ចន្លោះ​ថ្ងៃទី​១ ខែមិថុនា​ដល់​ថ្ងៃទី​៣១ ខែតុលា​ផងដែរ​។​

​ឥណ្ឌា​គឺជា​ប្រទេស​ផលិត​ស្ករ​ធំជាងគេ ក្នុង​ពិភពលោក និង​ជា​ប្រទេស​នាំចេញ​ធំ​ទី​ពីរ​បន្ទាប់ពី​ប្រទេស​ប្រេ​ស៊ី​ល​។
​ដំបូង​ឡើយ ប្រទេស​ឥណ្ឌា​គ្រោង​នឹង​កាត់បន្ថយ​ការនាំចេញ​ស្ករស​មក​នៅត្រឹម​ចំនួន ៨​លាន​តោន ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​បានសម្រេច​ចិត្ត​អនុញ្ញាត​ដំឡើង​ដល់ ១០​លាន​តោន​វិញ ដោយសារ​ទិន្នផល​ស្ករស​ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​កើនឡើង នេះ​បើតាម​ប្រភព​ដដែល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close