បង្ក្រាប​ទីតាំង​​ផលិត​គ្រឿងញៀន ចាប់ខ្លួន​ចិនតៃវ៉ាន់ ៤​នាក់ និង​រឹបអូស​សារធាតុ​ញៀន​ជាង ១៤០០​គីឡូក្រាម និង​សារ​ធាតុគីមី​ជាង ១១​តោន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​

​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់ កែច្នៃ​ផលិត​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់ ៤​នាក់ និង​រឹបអូស​សារធាតុ​ញៀន​ជាង ១៤០០ គីឡូក្រាម និង​សារ​ធាតុគីមី​ជាង ១១​តោន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ។​

​អនុវត្តតាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។​

​កម្លាំង​ជំនាញ​”​ក​១០” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា លោក វរសេនីយ៍ឯក យឹម សែន​ឧត្ដម នាយករង​មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ៍ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ អស់​រយៈពេល​ជាង ០២​ខែ​រួចមក នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៨​និង​៣០​នាទី សមត្ថកិច្ច​យើង​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​មន្ទីរ​ពិសោធន៍​លួចលាក់​កែច្នៃ​ផលិត​សារធាតុ​ញៀន នៅ ៣​ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ចំណុច​ទី​១៖ នៅ​បន្ទប់​លេខ​៨០២ ក្នុង​ខុន​ដូ J CITY ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ចំណុច​ទី​២៖ ស្ថិតនៅក្នុង​ចំការ​ស្វាយ ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​ចំណុច​ទី​៣៖ ស្ថិតនៅក្នុង​ចំការ​ស្វាយ ភូមិ​ស្រល់ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
១. ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ជនជាតិ​ចិន (​តៃវ៉ាន់​) រួមមាន ៖
-​ឈ្មោះ TIEN CHAN FU ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​មេការ​)
-​ឈ្មោះ KHOU PO WEN ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​អ្នកបច្ចេកទេស​)
-​ឈ្មោះ TENG KUO CHING ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ (​អ្នកបច្ចេកទេស​)
-​ឈ្មោះ LIN YI CHHENG ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​អ្នកបច្ចេកទេស​)​។​
២. ចាប់យក​វត្ថុតាង​៖
-​ម៉ាស៊ីន ឧបករណ៍ សម្ភារ​សម្រាប់​កែច្នៃ ផលិត វេច​ខ្ចប់​មួយចំនួនធំ​
-​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ 40 kg 51.7g
-​ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន ទម្ងន់ 1425 kg
-​ថ្នាំ​គ្រាប់​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ 0.9g
-​សារធាតុ​គីមី​ផ្សំ 11 tone 525 kg​។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close