គ​.​ជ​.​ប អំពាវនាវ​ឱ្យ​វិស័យ​ឯកជន អនុញ្ញាតឱ្យ​និយោជិត កម្មករ​-​កម្មការិនី ធ្វើដំណើរ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​០៥ ខែមិថុនា​

​ភ្នំពេញ​៖ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​របស់ខ្លួន​ស្របតាម​ច្បាប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​សម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​អនុញ្ញាតឱ្យ​និយោជិត កម្មករ​-​កម្មការិនី បានធ្វើ​ដំណើរ​ទៅ​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ នៅតាម​ឃុំ សង្កាត់​ដែល​ពួកគាត់​បាន​ចុះឈ្មោះ​បោះឆ្នោត ។​

​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​។ អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២១ មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន​ទាំងអស់ នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់ និយោជិត កម្មករ​-​កម្មការិនី​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កំណត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close