មីយ៉ាន់ម៉ា មិនឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់ប្រតិបត្តិការជួញដូរក្នុងស្រុក
ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានណែនាំឱ្យក្រសួង និងរដ្ឋាភិបាលមូលដ្ឋានមិនឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការជួញដូរក្នុងស្រុក ដើម្បីជួយបន្ធូរបន្ថយសម្ពាធលើរូបិយប័ណ្ណជាតិ «ក្យាត»។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Win Thaw ទេសាភិបាលរងធនាគារកណ្តាលមីយ៉ានម៉ា បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញកាលពីថ្ងៃពុធថា៖ «បន្ថែមពីលើការកើនឡើងតម្រូវការរូបិយប័ណ្ណបរទេស អត្រាប្តូរប្រាក់អាចប្រែប្រួលខ្លាំងដោយសារការអនុវត្តទទួលយក និងចាយរូបិយប័ណ្ណបរទេសសម្រាប់ការទិញទំនិញ និងសេវាកម្មនៅក្នុងប្រទេស»។
លោក Win Thaw បានថ្លែងថា បច្ចុប្បន្ននេះស្ថាប័ននានាដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ និងសាលាអន្តរជាតិបានប្រើប្រាស់ប្រាក់ដុល្លារជាជាងប្រាក់ក្យាត ប៉ុន្តែក៏មានអាជីវកម្មនិងស្ថាប័នដែលដំណើរការដោយក្រសួងរដ្ឋប្រើប្រាស់ប្រាក់ដុល្លារផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ដែលត្រូវបានផ្ញើទៅកាន់ក្រសួង និងរដ្ឋាភិបាលមូលដ្ឋាន លោកមានប្រសាសន៍ថា៖ «រូបិយប័ណ្ណក្យាត របស់មីយ៉ាន់ម៉ាគួរតែត្រូវបានប្រើប្រាស់ក្នុងការទូទាត់ក្នុងស្រុក ហើយក្រសួងនីមួយៗ រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋាភិបាលកណ្តាល …. គួរតែណែនាំអង្គភាពរបស់អ្នកតាមការចាំបាច់»។
បទបញ្ជានេះ គឺជាបទបញ្ជាចុងក្រោយបំផុត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការគ្រប់គ្រងបន្ថែមទៀត លើរូបិយប័ណ្ណបរទេស ដែលហូរចូលក្នុងប្រទេសដែលគ្រប់គ្រងដោយរបបសឹកមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។