រដ្ឋមន្រ្តីក្រសួងសាធារណៈការ ៖ យានយន្តអគ្គិសនីនៅកម្ពុជាកើនឡើងដល់ជាង៨០០ភាគរយ
ភ្នំពេញ – លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យានយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាង៨០០ភាគរយ ។ កំណើននេះ បានធ្វើឱ្យលោកមានការពេញចិត្តយ៉ាងខ្លាំង។
បើតាមប្រសាសន៍លើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងរយៈពេល៥ខែឆ្នាំ២០២២ មានយានយន្តអគ្គិសនី៨៤គ្រឿង ត្រូវបាននាំចូល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានយានយន្តអគ្គិសនីត្រឹមតែ៩គ្រឿងប៉ុណ្ណោះ។
ចំពោះទីតាំងបញ្ចូលថាមពលយានយន្តអគ្គិសនីវិញ លោករដ្ឋមន្រ្តីក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ កម្ពុជាបានរៀបចំទីតាំងសាកបញ្ចូលចំនួនបីកន្លែងហើយ ដោយមាននៅក្រសួងសាធារណការ និងដឹកជញ្ជូន មានមួយកន្លែង នៅខេត្តព្រះសីហនុមួយកន្លែង និងនៅស្ថានីយប្រេងកាល់តិច មានមួយកន្លែង។ ក្នុងនោះក្រសួងគ្រោងដាក់ទីតាំងបញ្ចូលថាមពលយានយន្តអគ្គិសនី មួយកន្លែងទៀត នៅខេត្តបាត់ដំបង មួយកន្លែងនៅខេត្តសៀមរាប ស្របពេលដែលក្រុមហ៊ុនប្រេងឥន្ធនៈភីធីធី គ្រោងដាក់ពីរកន្លែង តាមផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល សព្វថ្ងៃកម្ពុជាមានក្រុមហ៊ុនចំនួន៩ដែលនាំចូលរថយន្ត និងម៉ូតូប្រើអគ្គិសនី។ បន្ថែមពីនេះ កម្ពុជាក៏មានក្រុមហ៊ុនមួយ គឺក្រុមហ៊ុន ONION កំពុងដំឡើងកង់បីអគ្គិសនីនៅកម្ពុជា ដោយគ្រោងផលិតឱ្យបាន២ពាន់ទៅ៣ពាន់គ្រឿង ក្នុងមួយឆ្នាំ ហើយក៏មានក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីផងដែរ ដែលផលិតផលទាំងនេះ អាចនាំចេញទៅក្រៅប្រទេសបាន។
ជាមួយគ្នាបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងសហការគ្នាជាមួយ UNDP និងផ្នែកឯកជន ដើម្បីជំរុញកំណើនយានយន្តអគ្គិសនី ក៏ដូចជាបង្កើនវត្តមាននៃកន្លែងបញ្ចូលថាមពល ក្នុងប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បន្ថយពន្ធនាំចូល៥០% ដើម្បីលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។