ចុង​សប្ដាហ៍​ទី​៤ ខែ​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវ​ផ្ទៃក្នុង​ជាង ២៧​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​អំពី​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ថ្ងៃទី​២៨-២៩ ខែឧសភា ឆ្នាំ​២០២២ ភ្ញៀវ​សរុប​មាន​ចំនួន​២៧៤,០២៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៥៩,៣៩៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៤,៦៣៣​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៦,២៥១​នាក់​
* ខេត្តបាត់ដំបង ៣៩,៩២៩​នាក់​
* រាជធានី​ភ្នំពេញ ៣៦,២៨២​នាក់​
* ខេត្តកំពត ៣១,១២១​នាក់​
* ខេត្តសៀមរាប ១៩,៧៨២​នាក់​
* ខេត្ត​កែប ១២,៨៣៦​នាក់​
* ខេត្តកំពង់ស្ពឺ ១១,៥៤៥​នាក់​
* ខេត្តពោធិ៍សាត់ ១០,៨៤៥​នាក់​។​

​តួលេខ​ខាងលើ មានការ​ថមថយ​ប្រមាណ​៩.៥១% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ប៉ុន្តែ​នៅតែមាន​លក្ខណៈ​ប្រហាក់ប្រហែល​ចំនួន​ភ្ញៀវ​មុនពេល​កូវ​ដី​-១៩ ដែល​ចំនួន​ភ្ញៀវ​ស្ថិតក្នុង​រង្វង់​ជា​មធ្យម​ប្រមាណ​២៥-៣០​ម៉ឺន​នាក់​ក្នុង​មួយ​សប្តាហ៍​។​

​តាម​ពិនិត្យ​ជាក់ស្តែង ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាត់បន្ថយ​ការធ្វើដំណើរ​ទៅកាន់​គោលដៅ​ទេសចរណ៍​ឆ្ងាយៗ​ដោយសារ​ការកើនឡើង​តំលៃ​ប្រេង​ឥន្ទ​នៈ​។​

​ទន្ទឹមនឹងនេះ មន្ត្រីរាជការ​ភាគច្រើន​ជាប់រវល់​នឹង​ការងារ​ចុះ​មូលដ្ឋាន ប្រឡូក​ក្នុងការ​ឃោសនាបោះឆ្នោត​នៅតាម​មូលដ្ឋាន​ឃុំ​-​សង្កាត់​របស់ខ្លួន មិនមាន​ពេល​នាំ​គ្រួសារ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​។​

​ដោយឡែក កម្មករ​-​កម្ម​ការ​នី​ក៏​នឹង​រង់ចាំ​ពេល​ឈប់សម្រាក បាន​៣​ថ្ងៃ​ចុង​សប្តាហ៍​ក្រោយ ទៅ​ចូលរួម​បោះឆ្នោត​នៅ​ស្រុកកំណើត​ផង និង​ដើរ​កម្សាន្ត​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close