ថវិកា ២ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ឯកឧត្តម នូ ចន្ធី នាយករងខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិកជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលទើបវិលត្រឡប់ពីការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅក្រុងហាណូយ ប្រទេសវៀតណាម និងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសដាណឺម៉ាក កាលពីកន្លងទៅថ្មីៗនេះ។
ជាលទ្ធផល កីឡាករ កីឡាការិនីប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស ២គ្រឿង, មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ពីការប្រកួតស៊ីហ្គេម និងមេដាតសំរឹទ្ធ១គ្រឿងពីការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក។
ក្នុងកម្មវិធីប្រគល់-ទទួលនេះទទួលបានចូលរួមពីឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
ឯកឧត្តម សុខ សប្បាយណា រួមទាំងប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជាទាំងមូលបានសម្តែងនូវភាពរីករាយជាខ្លាំង និងគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចក្រឡាហោមតែងតែយកចិត្តទុក្ខដាក់ខ្ពស់លើសហព័ន្ធរហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។