រយៈពេល១១ថ្ងៃ នៃយុទ្ធនាការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ១១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា) បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
គ.ជ.ប បញ្ជាក់ថា គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។
ដោយឡែកសម្រាប់ថ្ងៃទី៣១ ខែឧសភាដែលជាថ្ងៃទីដប់មួយ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។
គ.ជ.ប បញ្ជាក់ថា ក្នុងថ្ងៃទី១១នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការហែក្បួន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។ តាមការកត់សម្គាល់ នៅខេត្តព្រៃវែង គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពឃោសនាចំនួន ១១៦ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សសញ្ជាតិកម្ពុជា ចំនួន ១៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៦ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ចំនួន ៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ចំនួន ១ ឃុំ គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦ ឃុំ សង្កាត់ គណបក្សកម្ពុជានិយម ចំនួន ៨ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ៧ ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៥ ឃុំ សង្កាត់ គណបក្សឆន្ទៈខ្មែរ ចំនួន ៤ ឃុំ សង្កាត់ និងគណបក្សខ្មែរតែមួយ ចំនួន ១ ឃុំ។ ដោយឡែក នៅខេត្តឧត្ដរមានជ័យ គណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ២ ឃុំ ហើយគណបក្សប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងនៅតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់មួយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ហើយនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។