ករណីពុលអាហារជាង ៥០នាក់ នៅស្រុកគាស់ក្រឡ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ!
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកំលាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកំលាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួន៥២ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ០៥អង្គ) មានអាការៈចុកពោះ ក្អួតចង្អោរ និងរាគរូស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានឆាន់និងបរិភោគបាញ់ហយ ដែលពុទ្ធបរិស័ទយកទៅប្រគេននិងជូន។
បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ត្រីអគ្គនាយកដ្ឋានក.ប.ប. សាខាខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីរកមូលហេតុដែលបណ្តាលឱ្យមានការពុលនេះ។
យោងលទ្ធផលវិភាគបឋមដោយរថយន្តមន្ទីរពិសោធនន៍ចល័ត ទៅលើគំរូអាហារដែលព្រះសង្ឃ និងពុទ្ធបរិស័ទឆាន់និងបរិភោគ បានបង្ហាញឱ្យឃើញថា៖ គំរូទឹកត្រីជ្រលក់ (ទឹកត្រីបាញ់ហយ) ត្រូវបានរកឃើញវិជ្ជមានសារធាតុ Salicylic Acid។
តាមលទ្ធផលខាងលើមន្ត្រីស៊ើបអង្កេតនឹងបន្តនីតិវិធីវិភាគ និងស្រាវជ្រាវពាក់ព័ន្ធនឹងវត្តមានសារធាតុ Salicylic Acid នៅក្នុងទឹកត្រីជ្រលក់នេះបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។