ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ “​ថ្នាំជក់​គំរាមកំហែង​ដល់​បរិស្ថាន​យើង​”

​ផ្ទៃដី​ប្រមាណ ៣.៥​លាន​ហិកតា​ត្រូវបាន​បំផ្លាញ​សម្រាប់​ការដាំដុះ​ថ្នាំជក់​ជា​រៀងរាល់ឆ្នាំ ហើយ​ការដាំ​ថ្នាំជក់​រួមចំណែក​ដល់​ការកាប់​បំ​ផ្ល​ញ​ព្រៃឈើ​ក្នុងនោះ​ដើមឈើ​ប្រមាណ ៦០០​លាន​ដើម​ត្រូវបាន​កាប់បំផ្លាញ​ដើម្បី​ផលិត​បារី​ជា​រៀងរាល់ឆ្នាំ​។ ​ការកាប់បំផ្លាញ់​ព្រៃឈើ​សម្រាប់​ដាំ​ដុះ​ថ្នាំជក់ បាន​ជំរុញឱ្យមាន​ការ​សឹក​រិច​រិល​ដី និង​ទិន្នផល​ថយចុះ ដែល​ឈានទៅដល់​ខូច​ដី​សម្រាប់​ដាំ​ដុះ​ដំណាំ​ឬ​បន្លែ​ផ្សេងៗ​ទៀត​។ ដូច្នេះហើយ​ប្រធានបទ​សម្រាប់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ​២០២២​នេះ​គឺ​“​ថ្នាំជក់​គំរាមកំហែង​ដល់​បរិស្ថាន​យើង​“​។​

វិធានការ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​មួយ​ក្នុងចំណោម​វិធានការ​ដ៏ទៃទៀត​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​ទៅលើ​បរិស្ថាន​យើង គឺ​ការដំឡើង​ពន្ធ​ថ្នាំជក់​។ នៅពេលដែល​ពន្ធ​ថ្នាំជក់​កើនឡើង អ្នក​ជក់បារី​ជក់​តិចជាង​មុន ឬ ផ្ដាច់​បារី​ទាំងស្រុង ដែល​នាំទៅរក​ការកាត់បន្ថយ​ផលប៉ះពាល់​ទៅលើ បរិស្ថាន​យើង​។

​ប្រសិនបើ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ថយចុះ នឹង​នាំឱ្យ​ការផលិត​ថ្នាំជក់​ដែល​បញ្ចេញ​កាបូនឌីអុកស៊ីត (CO2) 80 លាន​តោន​ទៅក្នុង​បរិយាកាស​ជា​រៀងរាល់ឆ្នាំ​នឹង​ថយចុះ​ដូចគ្នា ដែល​សារ​ធាតុគីមី​នេះហើយ​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​រួមចំណែក​ដល់​ការបង្កើន​សីតុណ្ហភាព​លើ​ផ្ទៃផែនដី​2​។​

​ហើយ​បន្ថែម​ពី​នោះ ការដំឡើង​ពន្ធ​ថ្នាំជក់​ក៏​នាំឱ្យមាន​ការថយចុះ​ចំនួន​អ្នកស្លាប់ អ្នក​ពិការ និង​អ្នក​ឈឺ​ដោយ​ការប្រើប្រាស់​ថ្នាំជក់​។ លើសពីនេះ​ទៀត ការដំឡើង​ពន្ធ​ថ្នាំជក់​ធ្វើឱ្យ​រាជរដ្ឋាភិបាល​ទទួលបាន​ចំណូល​ពន្ធ​បន្ថែម​សម្រាប់​ប្រើប្រាស់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ នៅ​កម្ពុជា ករណី​សិក្សា​មួយ​របស់​ការ​អង្គការសហប្រជាជាតិ ស្ដីពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០១៩ បង្ហាញថា កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ និង​៩៣៣​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាងមុខ បើ​ប្រទេស​កម្ពុជា​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​រហូតដល់​៧៥%​នៃ​តំលៃ​បារី​លក់រាយ​។

​ទូទាំង​ពិភពលោក​ថ្នាំជក់​ធ្វើអោយ​មនុស្ស​ស្លាប់ ប្រមាណ ៨​លាន នាក់​រៀងរាល់ឆ្នាំ បង្កដោយ​ជំងឺ​សរសៃឈាម​បេះដូង សួត មហារីក ទឹកនោមផ្អែម លើស​សំពាធ​ឈាម និង​ជំងឺ ជាច្រើន​មុខ​ផ្សេងទៀត ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​កម្ពុជា​កម្ពុ​ជាមាន​ប្រមាណ ១៥០០០​នាក់​។ ថវិកា​ប្រមាណ ១,៤ ទ្រី​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ខាតបង់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close