លោកខាងលិច​កំពុងតែ​ដុត​រោល​ភ្លើងសង្គ្រាម​អ៊ុយ​ក្រែ​ន កាន់តែខ្លាំង​

​នៅ​ថ្ងៃ​១​ខែមិថុនា អាមេរិក និង​អាល្លឺម៉ង់ បាន​សន្យា​ផ្តល់ អាវុធ​ទំនើបៗ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន តាម​ការចង់បាន​រប​ស់​ទីក្រុង​គៀវ​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង និង​កាំភ្លើង​ធំ​រថក្រោះ​របស់​រុស្ស៊ី ។ សកម្មភាព​ខាងលើ មិន​ខុស​អ្វី​ពី​ការចាក់​ខាំង​បន្ថែម​ចូលក្នុង​ភ្នក់ភ្លើង​ដែល​កំពុងតែ​ឆាប់ឆេះ​ជិត​៤​ខែ​កន្លង​ក ។

​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមិថុនា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz បាន​និយាយថា អាល្លឺម៉ង់​នឹង​ផ្គត់ផ្គង់ ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ដល់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​មានការ​អង្វរករ​ពី​ទីក្រុង​កៀវ ហើយ​គណបក្សប្រឆាំង​អាល្លឺម៉ង់ ក៏បាន​ទទូច​ឱ្យ​បង្កើន​ការជួយ​ផ្តល់​អាវុធ​ធុន​ធ្ងន់​ផងដែរ​។​

​លោក​អធិការបតី​អាល្លឺម៉ង់ បាន​គូស​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា អាល្លឺម៉ង់​បាន​នឹង​កំពុង «​បន្ត​បញ្ជូន​អាវុធ ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្ដើម​មកម្ល៉េះ​» ដែល​រហូត​មកទល់ពេលនេះ ទីក្រុង​បែរ​ឡាំង​បាន​បញ្ជូន​គ្រាប់រំសេវ​ជាង ១៥​លាន​គ្រាប់​, គ្រាប់បែកដៃ​ជាង ១០០,០០០​គ្រាប់ និង​គ្រាប់មីន​ប្រឆាំង​រថក្រោះ​ជាង ៥,០០០​គ្រាប់​ដល់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុ​ស្ស៉ី​បាន​ឈ្លានពាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។​

​លោក Scholz បាន​ប្រាប់​សមាជិកសភា​អាល្លឺម៉ង់​ថា «​នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​សម្រេចចិត្ត​ថា នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ដ៏​ទំនើប​បំផុត ដែល​អាល្លឺម៉ង់​មាន​ក្នុង​ដៃ ដល់​អ៊ុយ​ក្រែ​ន​» ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់ អំពី​ម៉ូ​ដែល​របស់​វា​ឡើយ​។ ប៉ុន្តែ​បើតាម​ប្រភព​ដែល Reuters ទទួលបាន គឺ​អាល្លឺម៉ង់​គ្រោង​ផ្តល់​ម៉ូ​ដែល IRIS-T SLM ដែលជា​ប្រភេទ​រយៈ​ចម្ងាយ​មធ្យម​។​

​យ៉ាងណាក្តី ការសម្រេចចិត្ត​ខាងលើ មិនមែន​មានន័យថា ទីក្រុង​បែរ​ឡាំង នឹង​ចាត់ចែង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ បាន​ក្នុងពេល​ឆាប់ៗ​នោះទេ​។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោកស្រី អាណា​លេ​ណា ប៊ែ​របក់ (Annalena Baerbock) បាន​ប្រាប់​សមាជិកសភា​ថា «​វា​នឹង​ចំណាយពេល​មួយរយៈ គឺអាច​ប៉ុន្មាន​ខែ​» ដោយ​បន្ថែមថា ប្រព័ន្ធ​នេះ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ ឌី​ល (Diehl) ពីដំបូង​ឡើយ ត្រូវបាន​បម្រុង​ទុក​សម្រាប់ «​ប្រទេសមួយ​ផ្សេងទៀត​»​។​

​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការទទូច​សុំ​ជំនួយ អាវុធ​ធុន​ធ្ងន់​ពី​សម្ព័ន្ធមិត្ត ស្រប​ពេលដែល​ទីក្រុង​មូ​ស្គូ បាន​ផ្តោត​ការ​សម្រុក​វាយលុក ទៅកាន់​តំបន់​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដណ្តើម​កាន់កាប់​រដ្ឋធានី​កៀវ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close