ក្រុមកីឡាការិនីហុកគីជម្រើសជាតិកម្ពុជាចាកចេញពីមាតុប្រទេស ទៅចូលរួមប្រកួតជម្រុះកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី២ ខែមិថុនានេះ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាគូសបញ្ជាក់ថា ក្រុមកីឡាហុកគីនារីជម្រើសជាតិកម្ពុជា រួមទាំងប្រតិភូ គ្រូបង្វឹកសរុប២១នាក់បានចេញដំណើរទៅកាន់ទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតជម្រុះកីឡាអាស៊ី ដែលគ្រោងនឹងប្រកួតពីថ្ងៃទី៦-១៥ ខែមិថុនា ឆ្នាំ២០២២ជាមួយនឹង៦ប្រទេសផ្សេងទៀត។
នេះជាការប្រកួតជម្រុះកីឡាអាស៊ី លើវិញ្ញាសាហុកគីទីវាល ផ្នែកនារី ដោយមានម្ចាស់ផ្ទះឥណ្ឌូណេស៊ី កម្ពុជា សិង្ហបុរី កាហ្សាក់ស្ថាន ហុងកុង ស្រីលង្កា អូបេគីស្ថាន។ ការប្រកួតជម្រុះនឹងជម្រុះចោល៣ក្រុម ហើយជ្រើសរើសយកក្រុមជ័យលាភីចំនួន៤ក្រុមឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (ASIAN Games នៅទីក្រុង Hangzhou ប្រទេសចិន ឆ្នាំ២០២២ (ពន្យារពេល)។
លោក កាំង សុធា បន្ថែមទៀតថា ការប្រកួតជម្រុះនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការវាយតម្លៃចំណាត់ថ្នាក់ទ្វីបអាស៊ី ប្រចាំឆ្នាំ២០២២នេះផង និងជាការស្វែងរកបេក្ខភាពឡើងទៅប្រកួតកីឡាអាស៊ីផងដែរ។ ជាមួយគ្នានោះ ការចូលរួមនេះ ក៏ជាកាតព្វកិច្ចរបស់កម្ពុជាផងដែរ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាហុកគីអន្តរជាតិ។
ម្យ៉ាងទៀត ការចូលរួមលើកនេះក៏ជាប្រយោជន៍ដ៏ធំមួយផងដែរ ក្នុងការវាស់ស្ទង់កម្រិតសមត្ថភាព សិទ្ធផលរបស់ក្រុមកីឡាហុកគីនារីកម្ពុជា ក្រោយពីបានប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (ក្រុមកីឡាការិនី១១នាក់ គ្រូធំម្នាក់ និងគ្រូជំនួយម្នាក់)។ ក្នុងនាមសហព័ន្ធ លោកអគ្គលេខាធិការអរគុណចំពោះការផ្តល់ការគាំទ្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើថ្លៃសំបុត្រយន្តហោះ ការហូបចុក ស្នាក់នៅ អំឡុងពេលប្រកួតជម្រុះកីឡាអាស៊ីដ៏មានសារសំខាន់នេះ។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ការចូលរួមប្រកួតនេះ ក៏ជាការបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមកីឡាហុកគីនារីកម្ពុជាផងដែរ ក្នុងការត្រៀមលក្ខណៈទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីត្រៀមគោលដៅ ស៊ីហ្គេម ២០២៣ នេះដែរ នៅចុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាហុកគីកម្ពុជាក៏នឹងស្វះស្វែងរក ឱកាសចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសដែរជាមួយដៃគូ អភិវឌ្ឍន៍អន្តរជាតិទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។