ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​លើកទឹកចិត្ត​កម្លាំង​ទាហាន​នៅ​តំបន់ Donbas

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បានបង្ហាញ​វត្ត​មាននៅ​តំបន់ Donbas ខណៈ​ការប្រយុទ្ធ​គ្នា​កំពុង​បន្ត​ប្រព្រឹត្តទៅ​យ៉ាងខ្លាំង​ក្លា នៅ​តំបន់​ឧស្សា ហ​កម្ម​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ជាទី​ដែល​ទីក្រុង​មូ​ស្គូ​កំពុង​ផ្តោត​ការវាយប្រហារ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ហ្សេ​លេន​ស្គី បាន​ទៅកាន់​ប៉ុស្តិ៍​បញ្ជាការ និង​ទីតាំង​ជួរមុខ ក្នុង​ទីក្រុង Lysychansk ដែល​ស្ថិតនៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ Siverskyi Donets ពី​ទីក្រុង Sievierodonetsk ជាទី​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ព្យាយាម​ទប់​ទល់នឹង​កងកម្លាំង​រុ​ស្ស៉ី ពី​ការដណ្តើមយក​ទីក្រុង​យុទ្ធសាស្ត្រ​មួយ​នេះ​។ លោក ហ្សេ​លេន​ស្គី ក៏បាន​ទៅកាន់​ទីក្រុង Bakhmut ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​តំបន់​ដូ​ណេ​ត (Donetsk) និង​បាន​សំណេះសំណាល​ជាមួយ​កងទ័ព នៅ​ទីនោះ​ផងដែរ​។​

​ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ្សេ​លេន​ស្គី បាន​ថ្លែង​តាមរយៈ​សារ​ជា​វីដេអូ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នក​គ្រប់គ្នា ដែល​ខ្ញុំ​បាន​ជួប​, ខ្ញុំ​បាន​ចាប់ដៃ​, ខ្ញុំ​បាន​និយាយ​ជាមួយ និង​ខ្ញុំ​បានផ្តល់​ការគាំទ្រ​»​។​

​ជា​ចុងក្រោយ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយថា លោក​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​Zaporizhzhia នៅ​ភាគ​អាគ្នេយ៍ ដើម្បី​ជួប​ជាមួយ​អ្នកស្រុក​Mariupol ដែល​បាន​ភៀសខ្លួន​ចេញពី​ទីក្រុង​កំពង់ផែ​មួយ​នោះ ក្រោយ​ការទម្លាក់​គ្រាប់បែក និង​ផ្លោង​គ្រាប់​អស់​ជាច្រើន​ខែ​ដោយ​រុស្ស៊ី​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close