រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ( AFD )

ពិធីចុះហត្ថលេខាខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក Rémi GENEVEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត, មជ្ឈឹមបូពា៌ និងអាស៊ី របស់ AFD ។

សូមជម្រាបជូនថា ឥណទានសម្បទានខាងលើនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងកម្មវិធី ” ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ជំហានទី ១ ” (Water Resources Management and Argro-ecological Transition for Cambodia – WAT4CAM Program Phase-1) និងដែលត្រូវអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងពាក់ព័ន្ធ មានថវិកាសរុបចំនួន ៧៩ លានអឺរ៉ូ ក្នុងនោះមាន ៖
• ឥណទានសម្បទាន ពី AFD ចំនួន ៥៥ លានអឺរ៉ូ
• ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប ចំនួន ១១,៥ លានអឺរ៉ូ
• បដិភាគរាជរដ្ឋាភិបាលកម្ពុជា ចំនួន ១២,៥ លានអឺរ៉ូ ។
ថវិកាខាងលើនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការងារចំនួន ៤ ផ្នែក ដូចខាងក្រោម ៖
– ផ្នែកទី ១ ៖ ការងារស្តារឡើងវិញនូវគម្រោងប្រព័ន្ធធារាសាស្រ្ត និងការងារស្តារពែ្រក ដើម្បីពង្រីកលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែចំការរបស់បងប្អូនប្រជាកសិករ
ចំនួន ២០.០០០ ហត នៅក្នុងខេត្តគោលដៅចំនួន ០៥ ខេត្ត គឺ ៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល ។
– ផ្នែកទី ២ ៖ ការធ្វើឲ្យប្រសើឡើងវិញនូវការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ តាមរយៈការកសាងសមត្ថភាព (Improvement of Irrigation Management Through Capacity Building) ។
– ផ្នែកទី ៣ ៖ គាំទ្រដល់ការគ្រប់គ្រង និងត្រួតពិនិត្យធនធានទឹក (Support to Water Resources Monitoring and Management) ។
– ផ្នែកទី ៤ ៖ គាំទ្រដល់ការអនុវត្តបចេ្ចកវិទ្យាកសិកម្ម ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រដល់ចង្វាក់ផលិតកម្មស្រូវ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close