លោកជំទាវ ឱ វណ្ណឌី​ន ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស ទិវា​ពិភពលោក​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ ឆ្នាំ​២០២២

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារ​ជូន​បងប្អូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ពិភពលោក​ស្ដីពី សុវត្ថិភាព​ចំណីអាហារ ក្រោម​ប្រធានបទ «​ចំណីអាហារ​មាន​សុវត្ថិភាព សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង (Safer food, Better health)»​។​

​តាមរយៈ​សារ​សំឡេង​ដែល​ទទួលបាន លោកជំទាវ ឱ វណ្ណឌី​ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​យកចិត្តទុកដាក់​ទៅលើ​ការបរិភោគ​ចំណីអាហារ ធ្វើការ​ផ្គត់ផ្គង់​នូវ​ម្ហូបអាហារ​នេះ​ជូន​ទៅដល់​ក្រុមគ្រួសារ ជាពិសេស​មាតា បិតា អាណាព្យាបាល​។​

​លោកជំទាវ បន្ដថា ការចិញ្ចឹម​បីបាច់​កូនចៅ ក៏ត្រូវ​អនុវត្ត​ឲ្យ​បានល្អ​ត្រឹមត្រូវ​នូវ​សុវត្ថិភាព​អនាម័យ ចំណីអាហារ​ឲ្យ​បានល្អ ជៀសវាង​ប្រើប្រាស់​ម្ហូបអាហារ​ហួស​សុពលភាព ឬ​អាហារ​ដែល​មិនមាន​សុវត្ថិភាព ឬ​អាហារ​ដែល​ទុក​យូរ​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​អះអាងថា ការអនុវត្ត​អនាម័យ​ដៃ គឺ​សំខាន់បំផុត មុន​ទទួលទាន​អាហារ ដូច្នេះ​មាតា បិតា ឬ​អាណាព្យាបាល ត្រូវ​ណែនាំ​កូនចៅ​របស់ខ្លួន​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ជាមួយ​សាប៊ូ និង​ទឹកស្អាត មុន​ចាប់​កាន់​ម្ហូបអាហារ​មក​បរិភោគ​។​

​ម្យ៉ាងវិញទៀត អ្នក​ដែល​ចម្អិន​ម្ហូបអាហារ ក៏ត្រូវ​រក្សា​ឲ្យ​បាន​នូវ​អនាម័យ​ដោយ​លាង​សម្អាត​នូវ​ម្ហូបអាហារ ឬ​វត្ថុធាតុដើម​សម្រាប់​ច​ម្អិ​ត ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​រវាង​បន្លែ ត្រី សាច់​ជាដើម​។ ដោយឡែក ចាន កាំបិត ជ្រុ​ញ ត្រូវ​សម្អាត​ឲ្យ​ស្អាត​ជាប្រចាំ ហើយ​ម្ហូបអាហារ​ត្រូវ​ច​ម្អិ​ត​ឲ្យ​បាន​ឆ្អិន​ល្អ និង​ត្រូវ​បែងចែក​ម្ហូបអាហារ​កុំ​ឲ្យ​ច្របូកច្របល់​គ្នា ហើយ​មិនត្រូវ​ទុក​យូរពេក​នោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close