កូរ៉េខាងត្បូង ថា​កម្មវិធី​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដល់​កម្រិត​គំរាមកំហែង​សន្តិភាព​ពិភពលោក

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យុល (Yoon Suk-yeol ) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កម្មវិធី​មី​ស៉ី​ល និង​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង បាន​ឈានដល់​កម្រិត​មួយ​បង្ក​ការគំរាមកំហែង​ដល់​សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែមិថុនា ឆ្នាំ​២០២២​។​



ការអត្ថាធិប្បាយ​ខាងលើ​របស់ លោក យូ​ន បាន​ធ្វើឡើង​ក្នុងការ​ប្រារព្ធ​ទិវា​ចងចាំ Memorial Day គឺ​មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើតេស្ត​មី​ស៊ី​ល​ផ្លោង រយៈ​ចម្ងាយ​ខ្លី​ចំនួន ៨​គ្រាប់ ដែលជា​ការសាកល្បង​ដ៏​ធំ​បំផុត​របស់ខ្លួន ខណៈ​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេ​អ៊ូ​ល នាពេល​ថ្មីៗ​នេះ ក៏បាន​ព្រមាន​ផងដែរ​ថា កូរ៉េខាងជើង ហាក់បីដូចជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។​

​គួរ​បញ្ជាក់ថា កូរ៉េខាងជើង បាន​បាញ់​មី​ស៉ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ឆ្ពោះទៅកាន់​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍ កន្លងទៅនេះ មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បិទ​បញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​របស់​ពួកគេ ដែលមាន​ការចូលរួម​ពី នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​មួយគ្រឿង ក្នុង​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ​។ ដោយឡែក នៅ​ថ្ងៃ​ចន្ទ​នេះដែរ កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បានធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល ៨​គ្រាប់​ដូចគ្នា ជាការ​ឆ្លើយតប​ទៅនឹង​ការធ្វើ​តេស្ដ​មី​ស៊ី​ល ៨​គ្រាប់​របស់​កូរ៉េខាងជើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close