សត្វ​ខ្ទីង ៥​ក្បាល ប្រទះឃើញ​នៅ​សហគមន៍​វាល​កន្សែង ក្នុង​ខេត្តក្រចេះ​

​សត្វព្រៃ​ក៏​អាច​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្រៅ​ដែន​ជម្រក​ធម្មជាតិ​ផងដែរ​! សត្វ​ខ្ទីង​ដែលជា​សត្វព្រៃ​មានតម្លៃ​ជា​សកល​ចំនួន​៥​ក្បាល ត្រូវបាន​ប្រទះឃើញ​តាមរយៈ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​នៅ​សហគមន៍​វាល​កន្សែង ក្នុង​ខេត្តក្រចេះ​។

​ក្រៅពី​ការ​ឃើញ​វត្តមាន​សត្វ​ខ្ទីង សហគមន៍​ក៏បាន​បញ្ជាក់ថា​ឃើញ​មាន​វត្តមាន សត្វ​ទន្សោង ឈ្លូស ជ្រូកព្រៃ និង​ពពួក​ពានរ​រស់នៅក្នុង​ព្រៃ​សហគមន៍​ផងដែរ​។ កំណត់ត្រា​រូបភាព​សត្វ​ខ្ទីង​នេះ គឺជា​កំណត់ត្រា​លើកដំបូង​ដែល​ត្រូវបាន​ថត​ជាប់​តាមរយៈ​កាមេរ៉ា​ស្វ័យប្រវត្តិ​របស់​សហគម​ន៍​។

​ចាប់តាំងពី​ឆ្នាំ​២០១៧ អង្គការ​WWF បាន​គាំទ្រ​សហគមន៍​ព្រៃឈើ​វាល​កន្សែង ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី WWF-Belgium និង​គម្រោង​Leading the Change ដើម្បី​គ្រប់គ្រង​ដីព្រៃ​សរុប​ចំនួន ១,៦២៤​ហិកតា ដែលមាន​ទីតាំងនៅ​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ​កម្ពុជា​។

​សមាជិក​សហគមន៍ ចុះ​ល្បាត​ព្រៃ​យ៉ាង​ទៀងទាត់ ចូលរួម​ផ្សព្វផ្សាយ​តាម​ភូមិ​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​អនុវត្ត​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ដូចជា​ឬ​ស្សី និង​ផ្តៅ​ប្រកបដោយ​និរន្តរភាព​។

​ទន្ទឹមនឹងនេះ សហគមន៍​ក៏បាន​ទទួល​ការគាំទ្រ​ពី​កម្មវិធី​ភាព​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល​នៅ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​កម្មវិធី​កសិរុក្ខកម្ម​ផងដែរ​។ នៅ​កម្ពុជា សហគមន៍​កំពុង​រស់នៅ​ដោយ​សុខដុម​ជាមួយ​ធម្មជាតិ ដោយ​ចូលរួម​ការពារ​សត្វព្រៃ និង​អភិរក្ស​ជីវៈចម្រុះ ដើម្បី​សុខុមាលភាព​របស់​មនុស្ស និង​ធម្មជាតិ​៕​

https://fb.watch/dvQr_os2BN/

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close