៥​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​កសិផល​ជាង ៣,២​លាន​តោន កើនឡើង​ជាង ៤%

​ភ្នំពេញៈ កម្ពុជា បាន​នាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ក្នុង​បរិមាណ​ជាង ៣,២​លាន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ ២០២២​នេះ កើនឡើង ៤,៣៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុងនោះ​បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជិត ១.៤០០​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​គេ​សង្កេតឃើញថា មានតែ​ផលិតផល​ដំឡូង​មី ថ្នាំជក់ សណ្តែកសៀង និង​បន្លែ​ចម្រុះ​ប៉ុណ្ណោះ ដែល​កើនឡើង​ក្រៅពីនេះ គឺ​សុទ្ធតែ​ថយចុះ ជាពិសេស​ការនាំ​ចេញទៅ​កាន់​ប្រទេស​ចិន​។​

​ការនាំចេញ​កសិផល​ជារួម​របស់​កម្ពុ​ជាមាន​កំណើន​តិចតួច​នេះ​នាពេលនេះ ដោយសារ​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​មានការ​ធ្លាក់ចុះ គ្រា​ដែល​កង្វះ​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ​របស់​អាជ្ញាធរ​ចិន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្រោម​គោលនយោបាយ​កូ​វីដ​កម្រិត​សូន្យ និង​ការ​រឹតបន្តឹង​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ ដែល​មកពី​ការរកឃើញ​វត្តមាន​កូ​វីដ ១៩ នៅលើ​សម្បក​កេស​វេច​ខ្ចប់​ផ្លែ​ចេក​ពី​សំណាក់​អាជ្ញាធរ​គយ​ប្រទេស​ចិន​។​

​របាយការណ៍​ក្រសួងកសិកម្ម​ដដែល បាន​បញ្ជាក់ថា ការប៉ាន់ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ក្នុង​រយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល (​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ១.៩៥០​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​អង្ករ​មាន​ទឹកប្រាក់ ២៤២,៥៤ លាន​ដុល្លារ​, ការនាំចេញ​ស្រូវ​មាន​ចំនួន ៣០៩,២០​លាន​ដុល្លារ និង​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន​ជាង ១.៣៩៨​លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close