ក្រសួងអប់រំ បើកវគ្គបំប៉នសមត្ថភាពការរៀបចំព្រឹត្តិការណ៍កីឡា
ក្រសួងអប់រំ យុវជន និងកីឡាបានបើកវគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីសហព័ន្ធកីឡាជាតិនានា។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានស្នើឲ្យនាយកដ្ឋានជំនាញពង្រឹងលើការរៀបចំការប្រកួតឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ពីព្រោះថាតាមរយៈការបណ្តុះបណ្តាលនេះ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សជារឿងចំបាច់សម្រាប់មន្ត្រីជំនាញនានា ក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះឯកឧត្តមក៏បានស្នើឲ្យមន្ត្រីទាំងអស់ ដែលចូលរួមវគ្គបំប៉ននេះត្រូវខិតខំក្រេបយកចំណេះដឹងឲ្យបានស៊ីជម្រៅ ដើម្បីយកទៅអនុវត្តការងារឲ្យបានច្បាស់លាស់ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន។
តាមរយៈវគ្គបំប៉នសមត្ថភាពនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានចាត់ទុកថា នេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការគោលដៅអភិឌ្ឍន៍រួមគ្នា ក្នុងខណៈដែលក្រសួងអប់រំ យុវជន និងកីឡាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន តាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស ការកែទម្រង់ការប្រកួត និងការពង្រឹងសមត្ថភាពសហព័ន្ធជាដើម។ ទាំងអស់នេះគឺជាចំណុចសំខាន់ៗ ក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពបន្ថែមសម្រាប់ថ្ងៃខាងមុខ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ។
ឯកឧត្តម ប៊ូ ជុំសេរី ក៏បានស្នើឲ្យមន្ត្រីយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការបំផុសស្មារតីកីឡាករ កីឡាការិនីយល់ដឹងពីសារធាតុហាត់ឃាត់ ក្នុងកីឡា ដូប៉ា។ បើកាលណា កីឡាករម្នាក់ប្រើប្រាស់ថ្នាំលើកកម្លាំង ឬប្រើប្រាស់ថ្នាំកាត់បន្ថយការឈឺចាប់ ក្នុងពេលប្រកួត ក៏ត្រូវគេដកមេដាយយកទៅវិញ ហើយវាបង្កឲ្យខូចកិត្តិយសខ្លួនឯង និងសង្គមជាតិទៀតផង។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា គោលបំណងចម្បងនៃវគ្គបំប៉ននេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្ត្រីកីឡានៅតាមសហព័ន្ធកីឡា ក្នុងការរៀបចំឲ្យមានស្តង់តាមតែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក៏មានវាគ្មិនសំខាន់ៗជាច្រើនរូបបានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។