ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ រងការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើអំណាចផ្តាច់ការ និងភាពអនាធិបតេយ្យនៅក្នុងពន្ធនាគារ
ឧត្ដមសេនីយ៍ទោ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានរងការចោទប្រកាន់ពីសំណាក់មន្ត្រីអនុរក្សពន្ធនាគារជាច្រើនរូបថា រូបលោកបានប្រើអំណាចផ្តាច់ការដោះដូរមន្ត្រីតាមអំពើចិត្ត មិនតែប៉ុណ្ណោះលោក ទីន សុវណ្ណនី បានដោះដូរមន្ត្រីដែលមានតួនាទី មានជំនាញឱ្យទាត់ខ្យល់ យកមន្ត្រីជាប់កិច្ចសន្យាមកបំរើការងារជំនួស ដែលគេដឹងថាមន្ត្រីជាប់កិច្ចសន្យា គឺជាប់ខ្សែស្រឡាយសាច់ញាតិផ្ទាល់តែម្តង។
មន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺដែលសុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងទៀតថា ចាប់ពីពេលលោក ទីន សុវណ្ណនី កាន់តំណែងមកមានភាពអនាធិបតេយ្យនៅក្នុងពន្ធនាគារកើតឡើងជាបន្តបន្ទាប់ ទណ្ឌិតនិងពិរុទ្ធជនណាដែលមានលុយសុទ្ធតែជាមនុស្សជិតស្និទ្ធមួយលោក ទីន សុវណ្ណនី ហើយថែមទាំងអាចចូលរួមផឹកស៊ីរួមតុជាមួយលោកទៀតផង។ ម្យ៉ាងវិញទៀត កូនចៅលោកទីន សុវណ្ណនី នាំនារីៗបំរើសេវាកម្សាន្តទៅរួមមេត្រីដល់ក្នុងពន្ធនាគារទៀតក៏មាន។ ការប្រព្រឹត្តល្បែងស៊ីសង ការចងការប្រាក់ដល់ទណ្ឌិត និងពិរុទ្ធជន ការចែកចាយគ្រឿងញៀន និងមានរឿងរ៉ាវជាច្រើនទៀតដែលកើតមានឡើងនៅក្នុងពន្ធនាគារនេះ។
កន្លងមកលោក ទីន សុវណ្ណនី ត្រូវបានមន្ត្រីថ្នាក់ក្រោមដាក់ពាក្យបណ្តឹងទៅអធិការកិច្ចក្រសួងមហាផ្ទៃ ពីទង្វើជាច្រើនដែលលោកប្រធានរូបនេះបានប្រព្រឹត្ត ប៉ុន្តែចាប់តាំងពីមន្ត្រីអធិការកិច្ចក្រសួងចុះអង្កេតរួចមក មិនទាន់ឃើញមានអ្វីប្លែកលើលោក ទីន សុវណ្ណនី នោះទេ ។
ទាក់ទងនឹងការចោទប្រកាន់នេះ យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបាននៅឡើយទេនៅថ្ងៃនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។