រថភ្លើងធ្លាក់កងចេញពីផ្លូវ ក្រឡាប់នៅអ៊ីរ៉ង់ ស្លាប់និងរបួសជិត១០០នាក់
រថភ្លើងមួយខ្សែបានធ្លាក់កងចេញពីផ្លូវបណ្តាលឲ្យក្រឡាប់ នៅព្រឹកថ្ងៃទី ៨ខែមិថុនា បណ្តាលឲ្យមនុស្ស ១៧នាកស្លាប់និង និងជាង ៥០នាក់រងរបួស។
អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយផ្នែក បានក្រឡាប់ធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៉ីរ៉ង់ នៅព្រឹកថ្ងៃពុធនេះ ដោយបានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់ និង ៥០នាក់ទៀតរងរបួស ដោយក្នុងចំណោមនោះ មានខ្លះរងរបួសធ្ងន់ធ្ងរផងដែរ។
បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ទូររថភ្លើងចំនួន៤ ក្នុងចំណោមទូររថភ្លើងចំនួន៧កំណាត់ បានក្រឡាប់ធ្លាក់ផ្លូវ នៅក្នុងភាពងងឹតងងល់ នាពេលព្រឹកព្រលឹមថ្ងៃពុធនេះ នៅជិតទីក្រុង តាបាស់ (Tabas) ដែលមានចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍ នៃរដ្ឋធានីតេហេរ៉ង់ (Tehran)។
អភិបាលក្រុង Tabas លោក អាលី អាក់បា រ៉ាហ៉ីមី (Ali Akbar Rahimi) បាននិយាយថា រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ និងមនុស្សជាងរាប់សិបនាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយខ្លះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ចំនួនអ្នកស្លាប់ និងរងរបួសនេះ អាចនឹងកើនឡើង ខណៈរថភ្លើង ត្រូវគេរាយការណ៍ថា មានផ្ទុកអ្នកដំណើរប្រហែល៣៥០នាក់ ។
គ្រោះថ្នាក់នេះ បានកើតឡើងប្រហែល ៥០គីឡូម៉ែត្រពីទីក្រុង Tabas នៅលើផ្លូវដែកដែលភ្ជាប់ទៅកាន់ទីក្រុង ហ្សាដ (Yazd)។ រីឯមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈរបាយការណ៍បឋម បានអះអាងថា រថភ្លើងបានបើកបុកជាមួយ អេស្កាវ៉ាទ័រនៅជិតផ្លូវដែក ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងច្បាស់ថា ហេតុអ្វីបានជាមានអេស្កាវ៉ាទ័រនៅជិតផ្លូវ នៅពេលយប់យ៉ាងដូច្នោះ។ បើតាមមន្ត្រីម្នាក់ បានលើកឡើងថា វាអាចស្ថិតក្នុងផ្នែកនៃគម្រោងជួសជុល។
គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេសអ៉ីរ៉ង់ គឺបានកើតឡើងកាលពីឆ្នាំ២០០៤ នៅពេលរថភ្លើងមួយខ្សែ ដែលផ្ទុកប្រេងសាំង ជីកសិកម្ម ស្ពានធ័រ និងកប្បាស បានជួបគ្រោះថ្នាក់ នៅក្បែរទីក្រុង ណីសាបួរ (Neyshabur) ដោយហេតុការណ៍នោះបានផ្តាច់ជីវិត មនុស្សរហូតដល់៣២០នាក់ និងបង្កឱ្យរបួស៤៦០នាក់ផ្សេងទៀត។ ដោយឡែក គ្រោះថ្នាក់រថភ្លើងកាលពីឆ្នាំ២០១៦ ក៏បានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កឱ្យរបួសជាច្រើននាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។