ចំនួន​អ្នកជំងឺ​អុត​ស្វា កើន​ដល់​ជាង ១០០០​ករណី​ហើយ នៅ​ជុំវិញ​ពិភពលោក​

​អង្គការ​សុខភាព​ពិភពលោក WHO បានឱ្យដឹងថា​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) ច្រើនជាង ១០០០​ករណី​ហើយ ត្រូវបាន រាយការណ៍​នៅតាម​ប្រទេស ក្រៅ​តំបន់​អាហ្វ្រិក ជាទី​ដែល​ជំងឺ​មួយ​នេះ​ឆ្លង​រាលដាល​ជាទូទៅ​។

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ប្រមុខ WHO លោក តេ​ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស (Tedros Adhanom Ghebreyesus) បានបញ្ជាក់​ថា​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ត្រូវបាន​រាយការណ៍​នៅតាម​ប្រទេស​ដែល​មិន​ធ្លាប់​រកឃើញ​ជំងឺ​នេះ​ក៏ពិតមែន តែ​មកទល់នឹង​ពេលនេះ ជំងឺឆ្លង​មួយ​នេះ​នៅតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​អាច​បង្ការ​បាន​តាមរយៈ​ការរក្សា​អនាម័យ​ជាប្រចាំ​។​

​លោក​បន្ថែមថា​មាន​ប្រទេស​ចំនួន ២៩ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ចាប់តាំងពី​ខែឧសភា​មក និង​មិនមាន​សេចក្ដីរាយការណ៍​ពី អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ​។​

​គួរ​បញ្ជាក់ថា បើតាម​ប្រមុខ​អង្គការ WHO ករណី​ជំងឺ​អុត​ស្វា​ច្រើនជាង ១,៤០០​ករណី ត្រូវបាន​រាយការណ៍​នៅក្នុង​តំបន់​អាហ្វ្រិក​ក្នុង​ឆ្នាំ​២០២២ នេះ ហើយ​ក្នុងនោះ​មាន ៦៦​នាក់​បាន​ស្លាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close