វិស័យទេសចរណ៍វៀតណាម កើនឡើងពី៥០ ទៅ៧០% ជាកំណើនខ្ពស់បំផុតទី៤ នៅលើពិភពលោក
បន្ទាប់ពីការបើកប្រទេសឡើងវិញ ទិន្នន័យនៃការស្វែងរកអន្តរជាតិ លើវិស័យទេសចរណ៍វៀតណាមបានកើនឡើងពី ៥០ទៅ៧០ ភាគរយ ដែលជាកំណើនខ្ពស់បំផុតទី ៤ នៅលើពិភពលោកបន្ទាប់ពីប្រទេសក្រិក អ៊ីតាលី និងហ្វីលីពីន ។
រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឲ្យដឹងថា ប្រទេសចំនួនដប់ដែលមានចំនួនស្វែងរកច្រើនជាងគេលើវិស័យទេសចរណ៍វៀតណាមគឺសហរដ្ឋអាមេរិក សិង្ហបុរី អូស្ត្រាលី ជប៉ុន ឥណ្ឌា បារាំង អាល្លឺម៉ង់ ថៃ កាណាដា និងចក្រភពអង់គ្លេស ។
ទិន្នន័យពី Google បានបង្ហាញបរិមាណស្វែងរកអន្តរជាតិសម្រាប់ការហោះហើរកើនឡើងបីដងនៅចន្លោះខែមីនា និងឧសភា។ បរិមាណស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសវៀតណាម ក៏បានកើនឡើងជាងបួនដងផងដែរ ចាប់ពីដើមខែមេសាដល់ពាក់កណ្តាលខែឧសភា ។
គួររម្លឹកថា កាលពីថ្ងៃទី ១៥ ខែមីនា រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យចូល ដោយមិនមានការធ្វើចត្តាឡីស័ក និងបានបន្តការលើកលែងទិដ្ឋាការរបស់ខ្លួនសម្រាប់ពលរដ្ឋ នៃប្រទេសចំនួន ២៤ រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសមួយចំនួននៅអឺរ៉ុប។ ក្រៅពីនេះ ក៏បានលុបចោលការរឹតបន្តឹងការចូលផ្សេងទៀតផងដែរ ដូចជាការប្រកាសវេជ្ជសាស្ត្រ និងការធ្វើតេស្ត Covid ជាដើម។
យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២ ប្រទេសវៀតណាមបានទទួលភ្ញៀវបរទេសចំនួន ៣៦៥០០០នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។