ល្ងាចមិញ ឆេះឃ្លាំងស្តុកគ្រឿងអគ្គិសនីមួយកន្លែងនៅទួលទំពូង ខូចខាតស្ទើរទាំងស្រុង
ឃ្លាំងស្តុកគ្រឿងអគ្គិសនី មួយកន្លែងស្ថិតនៅខាងលិចប្រឡាយទឹកស្អុយ តាមបណ្ដោយផ្លូវលេខ ៤៤៦ ក្នុងសង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោងប្រមាណ៥រសៀល ម្សិលមិញ (៩ មិថុនា)។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានអណ្ដាតភ្លើង និងផ្សែងខ្មៅ ខ្មួលខ្មាញ់ ចេញពីខាងក្នុងឃ្លាំង ឃើញកម្មករ រត់ចេញពីខាងក្នុង ស្រែកឆោឡោ ឱ្យជួយ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ់បានចុះដល់ទីតាំងកើតហេតុ និងទាក់ទង ទៅកម្លាំងនគរបាលជំនាញ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង មកទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ បាញ់ពន្លត់។
លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថាៈ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ លំបាកក្នុងការជួយអន្តរាគមន៍ ឲ្យទាន់ពេលវេលា ដោយផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើង ឆាបឆេះលឿន បណ្ដាលឲ្យដំបូលឃ្លាំង បាក់ស្រុត ជំនាញលំបាក ក្នុងការចូលទៅ បាញ់ពន្លត់។ តែយ៉ាងណា ករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យឆេះដាលរាលដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋ ជិតខាងនោះឡើយ។
ក្នុងប្រតិបត្តិការនេះ សង្កេតឃើញថា មានរថយន្តពន្កត់អគ្គិភ័យ ជាច្រើនអង្គភាព មកដល់ ទីតាំងកើតហេតុ រួមមាន រថយន្តទីក្រុងអូឡាំព្យា រថយន្តក្រសួងមហាផ្ទៃ រថយន្តកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងប្រើប្រាស់ទឹក អស់រថយន្តជាច្រើនគ្រឿង ទើបបាញ់ពន្លយ់ជាស្ថាពរ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានពន្លត់អគ្គិភ័យ ករណីនេះ កងកម្លាំងបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២០ គ្រឿង ប្រេីប្រាស់ទឹកអស់ ១០០ រថយន្ត ស្មើរនឹង ៤០០ ម៉ែត្រគូប ។ ករណីនេះបានឱ្យខូចខាតសម្ភារៈឆេះគ្រឿងអគ្គិសនីសម្ភារៈក្នុងឃ្លាំងអស់ទាំងស្រុង ហើយមនុស្សម្នាក់បានរងរបួស។
ដោយឡែកមូលហេតុ ដែលបណ្តាលឲ្យកើតមានអគ្គិភ័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។