៥ខែ ឆ្នាំនេះ! កម្ពុជា ទទួលចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលកាលពីចុងសប្តាហ៍នេះ។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែឧសភា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន១៧០,២៨២,០៣១ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ១៦៨,៤៦៨,៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១,៨១៣,៣៩១ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១០៥,០៤៨តោន កើនឡើងចំនួន១,៨០៩តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១៣,០២៦ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ១,៦០៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៧១ដុល្លារ ក្នុងមួយតោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។