វៀតណាម៖ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ នឹងជួយបន្ថយតម្លៃទំនិញ និងកាត់បន្ថយការចំណាយលើថ្លៃផលិត
នៅប្រទេសវៀតណាម តម្លៃប្រេងឥន្ធនៈប្រភេទធម្មតាមានតម្លៃ១,៣០ដុល្លារក្នុងមួយលីត្រ ខណៈប្រេងឥន្ធនៈប្រភេទ ស៊ុបពែរ មានតម្លៃ១,៣៦ដុល្លារ ក្នុងមួយលីត្រ ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា។
តម្លៃប្រេងឥន្ធនៈនៅវៀតណាម បានកើនឡើង២៧,២៦ភាគរយ បើគិតចាប់ពីដើមឆ្នាំ២០២២។ ដោយតម្លៃហក់ឡើងបែបនេះ រដ្ឋាភិបាលវៀតណាម ពិចារណាកាត់ពន្ធលើប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីជួយបន្ថយការចំណាយរបស់ប្រជាជន និងតម្លៃទំនិញ ក៏ដូចជាថ្លៃដឹកជញ្ជូននៅក្នុងទីផ្សារ។ ពន្ធលើប្រេងឥន្ធនៈរបស់វៀតណាម មានទំហំ៣០ភាគរយនៃតម្លៃប្រេងលក់រាយនៅក្នុងទីផ្សារ ដោយគិតលើពន្ធនាំចូល, ពន្ធនៃការប្រើប្រាស់ពិសេស និងពន្ធលើការការពារបរិស្ថាន។
លោក Ho Duc Phoc រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំសភា កាលចុងសប្តាហ៍នេះ ថា «ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ នឹងជួយបន្ថយតម្លៃទំនិញ និងកាត់បន្ថយការចំណាយលើថ្លៃផលិតសម្រាប់ធុរកិច្ចរួមទាំងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។