លោក តាំង គ្រុយ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ នៅមុនឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា តាមរយៈអ្នកជំនាញផ្នែកទឹក បានរកឃើញប្រឡាយបុរាណមួយ ដែលអាចទាញទឹកពីភ្នំគូលែន ចូលមកក្នុងតំបន់រមណីយដ្ឋានអង្គរ។ នៅឆ្នាំ២០១២ គម្រោងស្ដារប្រឡាយនេះត្រូវបានដំណើរការ យ៉ាងណាការងារនេះត្រូវប៉ះពាល់លើដីប្រជាពលរដ្ឋកំពុងអាស្រ័យផលដំណាំជាក់ស្ដែង។
ដោយមានសំណើពីអាជ្ញាធរជាតិអប្សរា និងក្នុងបំណងរួមចំណែកធ្វើអ្វីសម្រាប់សង្គមជាតិផង លោក តាំង គ្រុយ បានសម្រេចផ្តល់ដីផ្ទាល់ខ្លួនរបស់លោកដែលកំពុងអាស្រ័យផល ឱ្យអាជ្ញាធរស្ដារប្រឡាយបុរាណ ក៏ដូចជាបង្កើតប្រភពទឹកខ្វាត់ខ្វែងនៅតំបន់នោះ។
លោក តាំង គ្រុយ បានរំឭកថា៖« ខ្ញុំគិតថា របស់ហ្នឹង [ដី] មិនមែនជារបស់បុគ្គលផ្តាច់មុខទេ ហើយដីយើងមានច្រើនដែរ គួរលះបង់ខ្លះដើម្បីប្រយោជន៍រួម ដើម្បីប្រទេសជាតិ និងសម្រាប់ដូនតាយើងដែលខំកសាងប្រាសាទមក ព្រោះតាមការឮពីចាស់ទុំមកថា អង្គរវត្តយើងគឺពឹងអាស្រ័យលើទឹក គ្រឹះប្រាសាទអង្គរវត្ត គឺដីខ្សាច់ ដូច្នេះបើគ្មានទឹកច្បាស់ជារលំជាមិនខាន»។
នៅឆ្នាំ២០១២ ពេលដែលអាជ្ញាធរជាតិអប្សរាចាប់ផ្តើមស្ដារប្រឡាយឡើងវិញ ដោយប្រឡាយនេះមានតួនាទីទទួលទឹកពីភ្នំគូលែន បំបែកទៅប៉ែកខាងលិច គឺស្ទឹងពួក ស្ទឹងព្រះស្រុក និងហូរចាក់ទៅទន្លេសាប។
ទឹកនេះក៏បានបញ្ចូលទៅបារាយណ៍ខាងជើង បារាយណ៍ខាងលិច កសិន្ធុអង្គរវត្ត និងកសិន្ធុអង្គរធំផងដែរ។ ប្រឡាយនេះមានប្រវែងជិត៥០គីឡូម៉ែត្រ។ អាជ្ញាធរជាតិអប្សរា បានសង់ទ្វារទឹកថ្មី ជំនួសស្ពានបុរាណ ដែលស្ថិតនៅខាងលើទ្វារទឹកតាសោម។
ការស្ដារនេះ គឺចាប់ពីផ្នែកខាងជើង កាត់ក្បាលដីលោក តាំង គ្រុយ កំពុងអាស្រ័យផល រហូតដល់ចុងដីនៅផ្នែកខាងត្បូង។ ទំហំដីដែលត្រូវស្ដារ ទំហំទទឹងប្រមាណ៥០ម៉ែត្រ និងបណ្ដោយ១ពាន់ម៉ែត្រ។ កាលណោះ លោក តាំង គ្រុយ មិនរំពឹងថា នឹងមានទឹកហូរហៀរដូចពេលនេះទេ ព្រោះថាកន្លងមកទីនោះ ជាដីគោក ដែលលោកដាំស្វាយចន្ទីពេញផ្ទៃដី។
មានវ័យ៦៩ឆ្នាំ លោក តាំង គ្រុយ ប្រាប់ថា ក្នុងនាមជាកសិករមួយរូប លោកពិតជារីករាយណាស់ ពេលឃើញទឹកសម្បូរបែបនេះ ដ្បិតកសិកម្ម គឺពឹងលើទឹក។ លោកនិយាយដោយទឹកមុខរីករាយយ៉ាងដូច្នេះថា៖« ដីដែលខ្សោះជីជាតិ អាចកែប្រែដាក់ជីបាន តែដីដែលខ្វះប្រភពទឹក គ្មានអ្នកណាជួយយើងបានទេ។ សប្បាយលើសពីសប្បាយធំបំផុត គឺយើងបានឈរលើស្ពានឃើញទឹកហូរ ហាក់ដូចបានត្រឡប់ទៅពេលវេលាអតីតកាល ព្រោះអ្នកប្រាជ្ញបានរកឃើញទីតាំងប្រភពទឹកបុរាណ ដែលកប់គ្មានអ្នកណាដឹង»។
ក្រោយមានប្រភពទឹកនៅកៀក លោក តាំង គ្រុយ បានចាប់ផ្តើមកែប្រែចម្ការរបស់លោក ដោយប្ដូរពីការដាំស្វាយចន្ទីរ មកដាំដំណាំហូបផ្លែផ្សេងៗ តែក្នុងនោះច្រើនជាងគេ គឺដូង។ បច្ចុប្បន្នលោកដាំដូងបានជាង២ពាន់ដើម និងមានគម្រោងដាំរហូតដល់១ម៉ឺនដើមនាពេលខាងមុខ។
ក្រៅពីអបអរជាមួយសមិទ្ធផលប្រឡាយទឹកខាងលើនេះ សប្បុរសជនដែលបានរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធទឹកក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ក៏បានមើលឃើញពីការរីកចម្រើនជាបន្តបន្ទាប់របស់អាជ្ញាធរជាតិអប្សរានាពេលបច្ចុប្បន្នផងដែរ។
សម្រាប់លោក តាំង គ្រុយ ប្រជាពលរដ្ឋបានបង្ហាញការពេញចិត្តជាមួយអាជ្ញាធរជាតិអប្សរាកាន់តែខ្លាំងឡើង នៅពេលបានឃើញសមិទ្ធផល និងការទទួលបានផលទាំងនោះក្នុងមូលដ្ឋានពួកគេ ពិសេសប្រព័ន្ធទឹកតែម្ដង។ ប្រជាពលរដ្ឋមានទឹកស្រោចស្រពដំណាំ ចម្ការរបស់ពួកគេបានខួបប្រាំងវស្សា ដែលរួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារពួកគេឱ្យកាន់តែរីកចម្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។