អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ដាក់ឱ្យ​ដំណើរការ​វង់​ទស្សនា នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទ​

​ដើម្បី​លើក​តម្លៃ​ប្រាង្គ​ប្រាសាទបុរាណ ដែល​ភ្ញៀវទេសចរ​អាច​ដើរ​ទស្សនា​បាន​គ្រប់​ជ្រុងជ្រោយ នៃ​ចំណុច​សំខាន់ៗ​របស់​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ដាក់ឱ្យ​ដំណើរការ​វង់​ទស្សនា​ថ្មី ចំនួន​២​ខ្សែ​៖ គឺ​ខ្សែ​ទី​១ នៅ​ប្រាសាទចៅសាយទេវតា និង​ទី​២ នៅ​ប្រាសាទធម្មនន្ទ​។​

​លោក យូ ចន្ថា មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​សារមន្ទីរ បទដ្ឋាន​បេតិកភណ្ឌ និង​ជា​អ្នកទទួលខុសត្រូវ​ក្រុមការងារ​រៀបចំ​ខ្សែ​ទស្សនា នៅក្នុង​រមណីយដ្ឋាន​អង្គរ បានឱ្យដឹងថា ខ្សែ​ទស្សនា​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទ នឹងត្រូវ​រៀបចំ ចំនួន​២​ដំណាក់កាល រួមមាន​ទី​១៖ គឺ​រៀបចំ នៅ​ប្រាសាទចៅសាយទេវតា ដើម្បី​បង្ហាញ​ទិស​ដល់​ភ្ញៀវ​ឱ្យចូល​ទស្សនា​តាមផ្លូវ​ចូល​ច្រក​ខាងកើត ព្រោះ​កន្លងមក ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​នេះ និយម​ដើរចូល​តាម​ច្រក​ខាងជើង ជាហេតុ​ធ្វើឱ្យ​ភ្ញៀវ​មិនបាន​ទស្សនា​គ្រប់​ជ្រុងជ្រោយ នៃ​ចំណុច​សំខាន់ៗ​ក្នុង​ប្រាសាទ​មួយ​នេះ​។

​ចំណែក​ដំណាក់កាល​ទី​២ ក្នុង​រយៈពេល​វែង គឺ​នៅពេលដែល​គម្រោង​រៀបចំ​តំបន់​ទ្វារ​ជ័យ រហូតដល់​ទំនប់​បារាយណ៍​ខាងកើត​រួចរាល់ វង់​ទស្សនា​ដែល​នឹង​ដាក់ឱ្យ​ដំណើរការ​នេះ ភ្ញៀវទេសចរ​ត្រូវ​រក្សាទុក​មធ្យោបាយ​ធ្វើដំណើរ​នូវ​ចំណត​ខ្លោងទ្វារ​ជ័យ ដោយ​ចាប់ផ្តើម​ទស្សនា​ចំណុច​សំខាន់ៗ នៅក្នុង​ប្រាសាទធម្មនន្ទ រួច​បន្តដំណើរ​ទស្សនា​ទៅកាន់​សួន​បណ្តុះ​កូនឈើ របស់​អាជ្ញាធរ​ជាតិ​អប្សរា ទស្សនា​រហាត់ទឹក ដោយ​ភ្ជាប់​ជាមួយ​ស្ទឹង​សៀមរាប ស្ពាន​បុរាណ និង​បន្ទាប់មក ត្រូវ​បន្ត​ទស្សនា​ប្រាសាទចៅសាយទេវតា​តាម​ច្រក​ខាងកើត​។​

​ដោយ​ខ្សែ​ទស្សនា​ទាំងពីរ​ខាងលើ គ្រោង​ដាក់ឱ្យ​ដំណើរការ ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​គិតគូរ​រៀបចំ ជា​ផ្ទាំង​ព័ត៌មាន បរិយាយ​អំពី​ចំណុច​សំខាន់ៗ នៃ​រូបចម្លាក់ និង​ប្រាសាទ ស្លាក​សញ្ញា​បង្ហាញ​ទិស និង​ភ្នាក់ងារ​សម្រាប់​ជួយ​សម្រួល​ដល់​ភ្ញៀវ​ជាដើម​។​

​ការរៀបចំ​ខ្សែ​ទស្សនា បាន​នាំមក​នូវ​សុវត្ថិភាព​ដល់​ប្រាសាទ លើសពីនេះ​នឹង​នាំឱ្យ​ភ្ញៀវទេសចរ​បាន​ស្គាល់​ច្បាស់ និង​ទទួលបាន​បទពិសោធន៍​ល្អៗ ពី​ការ​ទស្សនា​ប្រាសាទបុរាណ​។ ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​លើកទឹកចិត្ត ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ គោរព​តាម​ការណែនាំ​នៃ​វង់​ទស្សនា ដែល​បាន​រៀបចំឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close