ស.ស.យ.ករាជធានីភ្នំពេញ រៀបចំការប្រកួតបាល់យុវជន អបអរទិវាកុមារអន្តរជាតិ
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អបអរទិវាកុមារអន្តរជាតិ ឆ្នាំ២០២២បានបញ្ចប់ទៅដោយស្នាមញញឹមរីករាយពីក្រុមកុមារ-យុវជន បន្ទាប់ពីចំណាយ១ថ្ងៃពេញ កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានបង្ហាញក្តីរីករាយ ដែលយុវជនមកពីសាលានានាបានចូលរួមប្រកួតប្រជែង ដែលឯកឧត្តមសូមគាំទ្រ លើកទឹកចិត្តជូនដល់យុវជន ក្នុងឱកាសនេះ។ ឯកឧត្តមសន្យាថា ឆ្នាំក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំឲ្យមានបន្តទៀតនិងបំផុតសឲ្យមានក្រុមកាន់តែច្រើនចូលរួមដែរ។
លោក បែរ មករា នាយកផ្នែកកីឡាសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី១នេះមានសាលាចំនួន ៦ ចូលរួម ដោយបែកចែកចេញជា២កម្រិតអាយុគឺ ក្រោម ១២ ឆ្នាំ និងក្រោម ១៥ឆ្នាំ។
ជ័យលាភីអាយុ១២ឆ្នាំ លេខ១បានទៅ ក្រុម WISC, លេខ២ សាលាបឹងកេត,លេខ៣ សាលា ELT ខណៈកម្រិតអាយុ ១៥ ឆ្នាំលេខ១បានទៅសាលា VDC (B), លេខ២ សាលា VDC ( A) និងលេខ៣ សាលា បឹងកេត។ ក្រុមជ័យលាភីទទួលមេដាយ សម្ភារកីឡា សម្លៀកបំពាក់ ហើយស.ស.យ.ករាជធានីភ្នំពេញបានឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះ លេខ១ បាន១លានរៀល លេខ២ទទួលបាន ៧៥ម៉ឺន និងលេខ៣ បាន៥០ម៉ឺនរៀល។
លោក បែរ មករា បន្ថែមទៀតថា ពានរង្វាន់ទិវាកុមារអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានផ្ដួចផ្ដើម និងរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា និងដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីបង្កើតភាពសប្បាយរីករាយ និងបណ្តុះភាពក្លាហាន និងស្មារតីស្រឡាញ់កីឡាដល់កុមារ។ ជាពិសេស គោលបំណងសំខាន់មួយទៀតនៃការប្រកួតនេះ គឺដើម្បីស្វែងរកកីឡាករក្មេងៗដែលមានទេពកោសល្យយកបណ្តុះបណ្តាល និងជួយសម្រេចក្តីសុបិន ក្នុងការចង់ក្លាយជាកីឡាករអាជីពរបស់ពួកគេ។
តាមរយៈការចូលរួមក្នុងការប្រកួតនេះ យើងមានបំណងប្រែក្លាយកុមារឲ្យក្លាយទៅជា សិស្សល្អ កូនល្អ មិត្តល្អ កីឡាករគំរូ។ ការប្រកួត ពានរង្វាន់យុវជន ១មិថុនា ឆ្នាំ២០២២ នេះ បានរៀបចំជា ២ប្រភេទអាយុ គឺ អាយុក្រោម ១២ឆ្នាំ និងក្រោម ១៥ឆ្នាំ ដែលនឹងមានការចូលរួមដោយក្រុមយុវជនមកពី ៦ សាលា រួមមាន សាលាបាល់ទាត់បឹងកេត សាលាបណ្តុះបណ្តាលបាល់ទាត់ប្រាក់ សាលាបាល់ទាត់សូលទីឡូ សាលារៀនវីឌីស៊ី សាលាអន្តរជាតិវើលដ៍ និងសាលារៀនអ៊ីអិលធី។ ក្នុងនោះផងដែរ ការប្រកួតយុវជនអាយុក្រោម ១២ឆ្នាំមាន ៦ក្រុម បែងចែកជា ២ពូល ខណៈការប្រកួតយុវជនអាយុក្រោម ១៥ឆ្នាំ មាន ៨ក្រុម បែងចែកជា ២ពូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។