រុស្ស៊ីរកប្រាក់ចំណូលបាន៩៨ពាន់លានដុល្លារពីការលក់ប្រេង ក្រោយ១០០ថ្ងៃធ្វើសង្គ្រាមនៅអ៊ុយក្រែន
សារព័ត៌មាន AFP បានដកស្រង់របាយការណ៍ របស់ CREA បញ្ជាក់ថា រុស្ស៊ីរកបានប្រាក់ចំណូលរហូតដល់ទៅ ៩៨ ពាន់លានដុល្លារ ពីការនាំប្រេងចេញ ក្នុងរយៈពេល ១០០ថ្ងៃនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី ១៣ខែមិថុនា មជ្ឈមណ្ឌលស្រាវជ្រាវ ស្តីពីថាមពល និងបរិយាកាសស្អាត CREA មានទីតាំងនៅក្នុងប្រទេសប៉ូឡូញបានឲ្យដឹងថា រុស្ស៊ីរកបានប្រាក់ចំណូលពីការលក់ប្រេងទៅកាន់ទីផ្សារជុំវិញពីភពលោក មានដល់ទៅ ៩៨ពាន់លានដុល្លារ។
ក្នុងចំណោមថាមពលដែលលក់ចេញទៅទីផ្សារអន្តរជាតិ មាន ៦២% ស្ថិតនៅក្នុងតំបន់ អឺរ៉ុប មានតម្លៃប្រមាណ ៦០ ពាន់លានដុល្លារ ក្នុងរយៈពេល១០០ថ្ងៃដែលទីក្រុងមូស្គូចាប់ផ្តើមសង្គ្រាមវាយប្រហារអ៊ុយក្រែន។
ប្រទេសដែលទិញប្រេងពីរុស្ស៊ីច្រើនជាង គេបំផុតគ្រឺទេសចិន មានទឹកប្រាក់១៣,២ពាន់លានដុល្លារ បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់១២,៦ពាន់លានដុល្លារ និងអ៊ីតាលី ៨,១ពាន់លានដុល្លារ។
នៅពេលនេះដែរអឺរ៉ុប បានដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ី ពិសេសទៅលើវិស័យប្រេង ។ ប៉ុន្តែប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបទទួលបានការលើកលែងឲ្យទិញប្រេង ហ្គាសពីរុស្ស៊ី ដូចដើម និងទូទាត់តម្លៃប្រេង តាមរយៈប្រាក់រុស្ស៊ីទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។