ជម្រើសជាតិ​ចំបាប់ ៤​នាក់ ទទួលបាន​ការឧបត្ថម្ភ ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣

​កីឡាករ​-​កីឡាការិនី​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ចំនួន ៤​នាក់ បានទទួល​ការឧបត្ថម្ភ​អាហារ​បំប៉ន​ពេញ​១​ឆ្នាំ​ពី​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​ការហ្វឹកហាត់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ការឧបត្ថម្ភ​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀងគ្នា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ ក្រុមហ៊ុន ដែល​ធ្វើឡើង​រវាង​កញ្ញា Kang Jiwon ប្រធាន​ចាត់ការ​ទូទៅ​ប្រចាំ​យូ​នី​ស៊ី​ធី​កម្ពុជា និង​កីឡាករ​-​កីឡាការិនី​ចំបាប់​កម្ពុជា​ទាំង ៤​នាក់ គឺមាន​កីឡាករ ហេង វុទ្ធី កីឡាករ កែវ សុភ័ក្ត្រ កីឡាការិនី ឌិ​ត សំណាង និង​កីឡាការិនី ជា កញ្ញា​។​

​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ហេង វុទ្ធី បាន​លើ​កប​ង្ហ​ញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់ខ្លួន​ថា នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ដណ្តើម​មេដាយ​ឲ្យ​ខ្ពស់ជាង​មេដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

«​ខ្ញុំ​ពិត​សប្បាយចិត្ត​ណាស់ ចំពោះ​ការឧបត្ថម្ភ​អាហារ​បំប៉ន​សុខភាព ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន យូ​នី​ស៊ី​ធី​កម្ពុជា ដែល​ផលិតផល​អាហារ​បំប៉ន​នេះ ដែល​វា​មិនមាន​ផលប៉ះពាល់​នៃ​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​នោះទេ ហើយ​ថែមទាំង​ជួយ​ពង្រឹង​សុខភាព បញ្ញា​ស្មារតី​ល្អ​។ សម្រាប់​ខ្ញុំ គឺ​ល្អ​ខ្លាំង ពីព្រោះ​ចំបាប់ ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​។ ជាក់ស្ដែង​ដូច​ខ្ញុំ​ត្រូវការ​សម្រក​ទម្ងន់ ដូច្នេះ​អាហារ​បំប៉ន​នេះ នឹង​ជា​ប្រយោជន៍​សម្រាប់​សុខភាព និង​បង្កើន​ថាមពល​កម្លាំង​បានល្អ​»​។​

​កញ្ញា Kang Jiwon ប្រធាន​ចាត់ការ​ទូទៅ​ប្រចាំ​យូ​នី​ស៊ី​ធី​កម្ពុជា​យល់ឃើញថា ចំបាប់ គឺជា​ប្រភេទ​កីឡា​មួយ​ដ៏​ពេញនិយម​ក្នុងចំណោម​កីឡា​កម្ពុជា​ដទៃទៀត ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដូច្នេះ​កញ្ញា​ជឿថា ការត្រៀមខ្លួន និង​សុខភាព​របស់​អត្ត​ព​លិ​ក គឺមាន​សារសំខាន់​យ៉ាងខ្លាំង​។ តាមរយៈ​ការឧបត្ថម្ភ​គាំទ្រ​នេះ កញ្ញា​ជឿជាក់ថា អត្ត​ព​លិ​ក​ចំបាប់​នឹង​សម្រេច​ជោគជ័យ ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ​ជា​ប្រវត្តិសាស្ត្រ​បន្ថែមទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close