បញ្ជូនក្រុមប្រតិភូកីឡាវាយកូនឃ្លីលើតុកម្ពុជា ទៅបោះជំរុំហ្វឹកហាត់ និងការប្រកួត នៅថៃ
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោកបណ្ឌិត ដួង ហេង អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីកីឡាវាយកូនឃ្លីលើតុមុនចេញដំណើរបោះជំរុំហ្វឹកហាត់ ព្រមទាំងចូលរួមការប្រកួតនៅប្រទេសថៃ។
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានជំរុញឲ្យកីឡាករ-កីឡាការិនីកីឡាវាយកូនឃ្លីលើតុត្រូវតែគោរពវិន័យ និងស្តាប់គ្រូបង្វឹករបស់ខ្លួនទាំងការហ្វឹកហាត់ និងការប្រកួត ដោយសារនៅទីនោះយើងមិនស្គាល់ទីតាំងច្បាស់ឡើយ ដូច្នេះព្យាយាមហ្វឹកហាត់ឲ្យល្អប្រសើរ ដើម្បីពង្រឹងសមត្ថភាពកាន់តែប្រសើរឡើង។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រសាសន៍ថា សហព័ន្ធបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក ចៅក្រុម និងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន១៥នាក់ចូលរួមការជំរុំហ្វឹកហាត់អាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ និងការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី២៦ ឆ្នាំ២០២២ (the 26th South East Asian Junior & Cadet Table Tennis Championships) នៅប្រទេសថៃ ដែលគ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
លោកបានបន្ថែមទៀតថា ចំពោះការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២២ (the 12th South East Asian Table Tennis Championships 2022) នឹងប្រព្រឹត្តិចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះមានគណៈប្រតិភូ គ្រូបង្វឹក ចៅក្រម និងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៥នាក់នឹងចូលរួម។
លោកអគ្គលេខាធិការបានបន្ថែមថា ការទៅចូលរួមចូលរួមការជំរុំហ្វឹកហាត់ និងការប្រកួតនេះ គឺជាក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ទាំងអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ ខណៈគោលបំណងសហព័ន្ធឲ្យចង់កីឡាករវ័យក្មេងចូលរួមការប្រកួតឲ្យបានច្រើន ដើម្បីបង្កើនបទពិសោធលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានឧបត្ថម្ភកីឡាករវ័យក្មេង ក្នុងម្នាក់ៗ ចំនួន ១០០ដុល្លារ គ្រូបង្វឹក ប្រតិភូ ចៅក្រម និងក្រុមកីឡាករយុវជនក្នុងម្នាក់ៗ ២០០ដុល្លារ។ លោកបណ្ឌិត ដួង ហេង អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឧបត្ថម្ភ គ្រូបង្វឹក ប្រតិភូ និងចៅក្រម និងក្រុមកីឡាករ ក្នុងម្នាក់ៗ៥០ដុល្លារបន្ថែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។